អន្តរជាតិ
លោក ពូទីន ទៅដល់ក្រុងប៉េកាំងដើម្បីបង្ហាញភាពជាដៃគូគ្មានដែនកំណត់ជាមួយលោក ស៊ី
17, Oct 2023 , 5:19 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី១៧ ខែតុលានេះដើម្បីជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងគោលបំណងបង្ហាញពីការជឿទុកចិត្ត និងភាពជាដៃគូគ្មានដែនកំណត់រវាងប្រទេសទាំងពីរ បើទោះបីជាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ដក៏ដោយ។

 
យន្តហោះពិសេសដឹកលោក វ៉្លាឌីមៀ ពូទីន ទៅដល់អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង​នៅ​ព្រឹកថ្ងៃទី១៧ ខែតុលា ដោយទទួលបានការស្វាគមន៍ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន Wang Wentao។
 
នៅប៉េកាំង លោក ពូទីននឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ។ លោកក៏ចូលរួមពិភាក្សាជាមួយមេដឹកនាំមកពីវៀតណាម ថៃ ម៉ុងហ្គោលី និងឡាវនៅថ្ងៃទី១៧ ខែតុលានេះផងដែរ។ 
មុនពេលធ្វើដំណើរ លោកក៏បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន CCTV ដោយបញ្ជាក់ពីទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំង២។ ប្រមុខរដ្ឋរុស្ស៊ីក៏លើកសរសើរគំនិតផ្ដួចផ្ដើមរបស់ចិនដែរ។
 
«មនុស្សមួយចំនួនចាត់ទុកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវថាជាការប៉ុនប៉ងរបស់ចិនដើម្បីដណ្តើមយករដ្ឋដទៃទៀត ប៉ុន្តែនេះមិនមែនជាអ្វីដែលយើងបានឃើញនោះទេ។ យើងឃើញថាគំនិតនេះគឺជាបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការ»។ លោក ពូទីននិយាយបែបនេះក្នុងបទសម្ភាស។ 
 
លោក ពូទីន ក៏បង្ហាញឆន្ទៈក្នុងការធ្វើការជាមួយនឹងគំនិតផ្តួចផ្តើមនេះ ដោយចាត់ទុកវាជាការស្វែងរកដំណោះស្រាយ គម្រោង និងវិធីសាស្រ្តដែលអាចទទួលយកបានសម្រាប់ភាគីទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួម។
 
ទំនាក់ទំនងចិន និងរុស្ស៊ី ត្រូវបានបង្កើនដល់កម្រិតខ្ពស់ទោះរុស្ស៊ីជាប់ដៃក្នុងសង្រ្គាមអ៊ុយក្រែន។ ទំនាក់ទំនងនេះ រងការរិះគន់ខ្លាំងពីសំណាក់ប្រទេសលោកខាងលិច ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលការរិះគន់ទាំងអស់នោះ ដោយបកស្រាយថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរមិនបានបំពានលើបទដ្ឋានអន្តរជាតិ ហើយចិនក៏មានសិទ្ធិសហការជាមួយប្រទេសណាមួយដែលខ្លួនជ្រើសរើសផងដែរ៕ 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com