កីឡាអន្តរជាតិ
អន្តរជាតិ
លោក Scaloni បារម្ភ ស្របពេលអាហ្សង់ទីនចាប់ផ្តើមជម្រុះ World Cup ដោយគ្មាន ​Messi
17, Oct 2023 , 5:59 pm        
រូបភាព
លោក Lionel Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន និយាយថាឆាប់រហ័សពេកក្នុងការចាប់ផ្តើមការប្រកួតជម្រុះ FIFA World Cup ដោយគ្មានវត្តមានប្រធានក្រុម Lionel Messi។ Messi ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតទល់នឹងក្រុមប៉ារ៉ាហ្កាយ ប៉ុន្តែអាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងជំនួបទល់ប៉េរូ។



Messi ដែលធ្លាប់បាននិយាយថារូបគេនឹងចូលនិវត្តន៍មុនការប្រកួតពានរង្វាន់ World Cup 2026 ត្រូវបានក្រុមអាហ្សង់ទីនលោក Lionel Scaloni កោះហៅឱ្យចូលរួមក្រុមជម្រើសជាតិ បើទោះជារូបគេមានបញ្ហារបួសសាច់ដុំ នឹងខកខានបង្ហាញខ្លួនក្នុងការប្រកួតរយៈពេលជិត ២ខែ ជាមួយនឹងក្លិប Inter Miami។
 
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នៅតែស្ថិតក្នុងមន្ទិលសង្ស័យសម្រាប់ការបង្ហាញខ្លួនសារជាថ្មីឱ្យក្រុមអាហ្សង់ទីន ស្របពេលលោក Scaloni ជាគ្រូបង្វឹកបានលើកឡើងថា ក្រុមនឹងត្រូវចាប់យកផែនការសម្រាប់ការប្រកួតដោយគ្មាន Messi។ គ្រូបង្វឹកវ័យ ៤២ឆ្នាំ បានអះអាងថាប្រធានក្រុមអាហ្សង់ទីនអាចនឹងវិលត្រឡប់ជួយក្រុមក្នុងការប្រកួតទល់នឹងក្រុមប៉េរូ នៃការប្រកួតជម្រុះ World Cup 2026 តំបន់អាម៉េរិកខាងត្បូង។
 
«Messi មិនអីទេ រូបគេត្រូវបានបន្ថែមម៉ោងនៅក្នុងការហ្វឹកហាត់ យើងនឹងបន្តសម្រេចចិត្តនៅថ្ងៃស្អែក វាមិនសំខាន់ឡើយថាតើរូបគេនឹងអាចលេងបានប៉ុណ្ណា ប្រសិនបើរូបគេជាសះស្បើយ អ្នកនឹងដឹងហើយថាគេអាចលេងបានវិញ។ យើងនឹងព្យាយាមបង្ហាញការលេងឱ្យបាន ១០០ភាគរយ ឬជិត ១០០ភាគរយ យើងដឹងថានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់គ្រប់គ្នាទល់នឹងប៉ារ៉ាហ្កាយ។ ក្រុមមានវិធីក្នុងការលេង មិនថានរណានៅលើទីលានឡើយ រឿងដែលសំខាន់នោះគឺ យើងនឹងលេងដោយគ្មាន Messi ហើយយើងក៏អាចលេងល្អដូចគ្នាដោយគ្មាន Messi។»។ លោក Scaloni បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
អវត្តមានរបស់ Messi មិនត្រឹមតែជាបញ្ហាដល់ក្រុមអាហ្សង់ទីនឡើយ ប៉ុន្តែក្រុម Inter Miami ដែលកីឡាករវ័យ ៣៦ឆ្នាំ បានប្រកបអាជីពក៏បានខកខានការប្រកួតពានរង្វាន់នានារួចស្រេចមកហើយដែរ។ លើសពីនេះ Inter Miami ក៏របូតឱកាសសម្រាប់ប្រកួតប្រជែងនៅវគ្គ Playoffs នៃពានរង្វាន់ Major League Soccer។
 
ក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នជាក្រុមស្ថិតនៅកំពូលតារាងនៃការប្រកួតជម្រុះ World Cup 2026 តំបន់ CONMEBOL នៃទ្វីបអាម៉េរិកខាងត្បូង ដោយឆ្លងកាត់ ៣ប្រកួតកន្លងមក ឈ្នះទាំងអស់ និងមាន ៩ពិន្ទុក្នុងដៃឈរពីលើប្រេស៊ីល លេខ ២ ដែលមាន ៧ពិន្ទុ៕
 

Tag:
 Lionel Messi
  អាហ្សង់ទីន
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com