អន្តរជាតិ
អ៊ីរ៉ង់ព្រមានវាយប្រហារអ៊ីស្រាអែល បើហ៊ានបើកប្រតិបត្តិការយោធាផ្លូវគោកនៅតំបន់កាហ្សា
17, Oct 2023 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នៅថ្ងៃទី១៦ ខែតុលា បានព្រមានពីការវាយប្រហារអ៊ីស្រាអែលជាមុន ប្រសិនបើយោធាប្រទេសមួយនេះ ហ៊ានបើកប្រតិបត្តិការយោធាផ្លូវគោកលើតំបន់កាហ្សា។ បើតាមប្រមុខការទូតអ៊ីរ៉ង់ ការវាយប្រហារជាមុនបែបនេះ គឺដើម្បីបង្ការអ៊ីស្រាអែលមិនឱ្យ វាយប្រហារលើដែនដីផ្សេងបន្ទាប់ពីតំបន់កាហ្សា។

 
នៅចំពេលអ៊ីស្រាអែលកំពុងត្រៀមខ្លួនប្រតិបត្តិការយោធាផ្លូវគោកលើតំបន់កាហ្សា ដើម្បីកម្ទេចក្រុមហាម៉ាស អ៊ីរ៉ង់ ដែលកន្លងមកអះអាងថា មិនពាក់ព័ន្ធនឹងសង្រ្គាម បានព្រមានអ៊ីស្រាអែល ពីការវាយប្រហារជាមុនត្រឹមរយៈពេលប៉ុន្មានម៉ោងខាងមុខប៉ុណ្ណោះ។ 
 
«លទ្ធភាពនៃសកម្មភាពវាយប្រហារជាមុនដោយក្រុមចលនាតស៊ូ ត្រូវបានរំពឹងថា នឹងកើតមានត្រឹមរយៈពេលប៉ុន្មានម៉ោងខាងមុខប៉ុណ្ណោះ»។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៦ ខែតុលា ដោយសំដៅក្រុម Hezbollah របស់លីបង់។
 
ត្រង់ចំណុចនេះ លោក Abdollahian បានបញ្ជាក់ថា រាល់ជម្រើសទាំងអស់ គឺមានសម្រាប់ក្រុមHezbollah ដែលមានមូលដ្ឋាននៅក្នុងដែនដីភាគខាងត្បូងលីបង់ ជាប់ជាមួយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។ ជាញយៗ ក្រុមមួយនេះ បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតទៅវិញទៅមកជាមួយយោធាអ៊ីស្រាអែលថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
 
បើតាមប្រមុខការទូតអ៊ីរ៉ង់ មេដឹកនាំក្រុមនេះ នឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ចាត់វិធានការតាមតែចិត្តឯងលើតំបន់កាហ្សាឡើយ។
 
ទន្ទឹមនេះ លោក Abdollahian បានបន្ថែមថា ប្រសិនបើក្រុមប្រឆាំងអ៊ីស្រាអែល មិនចាប់ផ្តើមការពារតំបន់កាហ្សានៅពេលនេះ ក្រុម Hezbollah ប្រាកដជាត្រូវការពារខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់មិនខាន។
 
អ៊ីរ៉ង់ ជាខ្នងបង្អែករបស់សកម្មជនដែលមានមូលដ្ឋាននៅលីបង់ និងបានប៉ះទង្គិចជាមួយអ៊ីស្រាអែលនៅតំបន់ព្រំដែនភាគខាងជើង ស្របពេលអ៊ីស្រាអែល កំពុងមានសង្រ្គាមជាមួយហាម៉ាស។ យោធាអ៊ីស្រាអែល និងក្រុមហេប៉ូឡា បានដោះដូរការបាញ់បោះឆ្លងព្រំដែនថែមទៀត។ អ្នកតាមដានស្ថានការណ៍តំបន់ បានបង្ហាញក្តីបារម្ភថា អ៊ីស្រាអែល អាចប៉ះទង្គិចនៅច្រកទីពីរដោយបន្ថែមពីលើក្រុមហាម៉ាស នៅតំបន់កាហ្សា។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែតុលា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រូបនេះ បានព្រមានពីការរីកសាយនៃជម្លោះ ប្រសិនបើមានការវាយប្រហារលើតំបន់កាហ្សា។
 
គួររំឭកថា ប្រមុខការទូតអ៊ីរ៉ង់ នៅក្នុងថ្ងៃទី១៤ ខែតុលា បានជួបជាមួយមេដឹកនាំក្រុមហាម៉ាស លោក  Ismail Haniyeh នៅកាតា។ ភាគីទាំងពីរ បានឯកភាពលើកិច្ចសហប្រតិបត្តិការ និងពិភាក្សាពីវិបត្តិនៅតំបន់កាហ្សា៕ 
 

Tag:
 អ៊ីរ៉ង់
  អ៊ីស្រាអែល
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com