សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ លើកលែងទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ីរហូតដល់៩០ថ្ងៃ
17, Oct 2023 , 8:59 pm        
រូបភាព
ភ្ញៀវកម្សាន្តតាមឆ្នេរសមុទ្រថៃនៅភូកេត ។ រូបភាព​ ៖ AFP
ភ្ញៀវកម្សាន្តតាមឆ្នេរសមុទ្រថៃនៅភូកេត ។ រូបភាព​ ៖ AFP
ចាប់ពីខែវិច្ឆិកាឆ្នាំ២០២៣ ភ្ញៀវទេសចររុស្ស៊ីអាចចូលមកថៃដោយគ្មានទិដ្ឋាការ និងស្នាក់នៅរហូតដល់ ៩០ថ្ងៃ ពោលគឺកើនឡើង ​៣០ថ្ងៃទៀត។ ការអនុវត្តនេះ ចូលធរមានរហូតដល់ចុងខែមេសាឆ្នាំ ២០២៤។ 

 
ថៃនឹងអនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលមកលេងកំសាន្តក្នុងរយៈពេលយូរជាងបច្ចុប្បន្នរហូតដល់ ៩០ថ្ងៃដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃលោក Sudawan Wangsuphakijkosol ។
 
ជនជាតិរុស្ស៊ី៩២៣ ១១៣នាក់បានទៅលេងថៃក្នុងរយៈពេល៨ខែឆ្នាំនេះ​ ដោយជាប់ចំណាត់ថ្នាក់លេខ​ ៥ តាមពីក្រោយភ្ញៀវមកពីម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌា។ មុនពេលរាលដាលជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩ ជនជាតិរុស្ស៊ីប្រមាណ ១,៥លាននាក់បានទៅលេងថៃដោយចំណាយប្រាក់ ៣,៣ពាន់លានដុល្លារ ដែលជាភ្ញៀវចំណាយច្រើនជាងគេលំដាប់ទីបី។ 
 
រដ្ឋាភិបាលថៃកំពុងពឹងផ្អែកលើវិស័យទេសចរជាចម្បងដើម្បីបង្កើនកំណើនសេដ្ឋកិច្ច បើទោះបីមានឧប្បត្តិហេតុនៃការបាញ់ប្រហារនាពេលថ្មីនេះៗនេះនៅក្នុងផ្សារទំនើបបាងកក ដែលអាចរារាំងការអំពាវនាវឲ្យភ្ញៀវទេសចរចិនមួយចំនួនក៏ដោយ។ 
 
អ្នកដំណើរជនជាតិចិនប្រមាណ៥៩០ពាន់នាក់បានបញ្ជាក់កក់ជើងហោះហើរ និងសណ្ឌាគារទៅថៃគិតត្រឹមថ្ងៃ១៤ ខែតុលា ពោលគឺធ្លាក់ចុះពី ៦៥០ពាន់នាក់ដែលបានកក់មុនពេលមានការបាញ់ប្រហារនៅផ្សារទំនើប។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke។ 
 
ថៃត្រូវបានគេព្យាករថា នឹងទទួលភ្ញៀវទេសចររហូតដល់ ៣០លាននាក់នៅឆ្នាំនេះ ដែលច្រើនជាងទ្វេដងធៀបឆ្នាំ២០២២៕​
 

Tag:
 ទេសចរ
  រុស្ស៊ី
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com