សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​​​បារម្ភ​ពីកង្វះ​ខាតការផ្គត់ផ្គង់អង្ករ​ដោយ​សារ​បាតុភូត​ El Nino
17, Oct 2023 , 9:59 pm        
រូបភាព
ការប្រមូលផលស្រូវនៅភាគខាងលិចខេត្ត​ជ្វា ។ រូបភាព ៖ Xinhua
ការប្រមូលផលស្រូវនៅភាគខាងលិចខេត្ត​ជ្វា ។ រូបភាព ៖ Xinhua
គ្រោះរាំងស្ងួតនៅឥណ្ឌូណេស៊ីបានអូសបន្លាយដោយសារឥទ្ធិពលនៃបាតុភូត Ei Nino បានធ្វើឱ្យផលិតកម្មស្រូវធ្លាក់ចុះ។  ការប៉ាន់ប្រមាណបង្ហាញថា ត្រីមាសទី៤ឆ្នាំនេះ មានចំនួនត្រឹមតែ ៤,៧៨លានតោន ដែលទាបជាគ្រាដូចគ្នាកាលពីឆ្នាំមុនជិត ១១ភាគរយ។

 
ឥណ្ឌូណេស៊ីទំនងជានឹងមានការខ្វះខាតអង្ករនៅចុងឆ្នាំនេះ ដោយផលិតកម្មត្រូវបានប៉ាន់ប្រមាណថាស្ថិតក្នុងកម្រិតទាបបំផុត ក៏ព្រោះគ្រោះរាំងស្ងួតពីការរីករាលដាលនៃបាតុភូត El Nino ។
 
នៅថ្ងៃទី១៦ ខែតុលា នាយកដ្ឋានស្ថិតិឥណ្ឌូណេស៊ី (BPS) បានប្រកាសថា កង្វះខាតស្រូវអាចឡើងដល់ ១,៤៥លានតោន ដោយសារទិន្នផលប៉ាន់ស្មានត្រីមាសទី៤ឆ្នាំនេះ មានចំនួនត្រឹមតែ ៤,៧៨លានតោន ពោលគឺទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនជិត១១ភាគរយ។ 
 
ប្រធាននាយកដ្ឋាន BPS លោកស្រី Amalia Adininggar Widyasanti បាននិយាយថា គ្រោះរាំងស្ងួតអូសបន្លាយដោយសារឥទ្ធិពលនៃ Ei Nino បានធ្វើឱ្យផលិតកម្មស្រូវធ្លាក់ចុះ ជាពិសេសនៅក្នុងខេត្តជ្វាភាគខាងលិចនិងកណ្តាល និងខេត្តស៊ូម៉ាត្រាភាគខាងត្បូងដែលជាតំបន់ដាំដុះស្រូវធំជាងគេទាំងបីនៅក្នុងប្រទេស។
 
ទន្ទឹមនេះ ប្រធានាធិបតី ចូកូ វីដូដូ បានសរសេរលើបណ្តាញសង្គមថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏លំបាកមួយ នៅពេលដែលប្រទេសនេះមិនត្រឹមតែអាចទប់ទល់នឹងផលប៉ះពាល់នៃ El Nino ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការប្រែប្រួលអាកាសធាតុ និងការកើនឡើងសីតុណ្ហភាពផងដែរ។
 
កត្តាទាំងនេះ រួមជាមួយនឹងអស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារសកលផងដែរ។ ក្នុង​បរិបទ​នោះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រៀបចំ​ដើម្បី​ធានា​បាន​នូវ​ទុន​បម្រុង​អង្ករ​ឲ្យសមស្រប។
 
ឥណ្ឌូណេស៊ីបានសម្រេចនាំចូលអង្ករសរុបចំនួន ២លានតោនពីប្រទេសដៃគូ ហើយនឹងទទួលបានការនាំចូលប្រមាណ ៦០០ពាន់តោនបន្ថែមទៀតនៅចុងឆ្នាំនេះ៕
 

Tag:
 ឥណ្ឌូណេស៊ី
  អង្ករ
  El Nino
© រក្សាសិទ្ធិដោយ thmeythmey.com