កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារសង្គ្រាម អាល់ហ្សេរី ផ្តល់ទីតាំងឱ្យក្រុមបាល់ទាត់ប៉ាឡេស្ទីន រៀបចំប្រកួតជម្រុះ World Cup
18, Oct 2023 , 7:59 am        
រូបភាព
ប្រទេសអាល់ហ្សេរី យល់ព្រមឱ្យប៉ាឡេស្ទីន យកទឹកដីខ្លួនរៀបចំការប្រកួតជម្រុះ FIFA World Cup និងប្រកួតអន្តរជាតិនានា ក្រោយប្រទេសប៉ាឡេស្ទីនជួបវិបត្តិសង្គ្រាមជាមួយអ៊ីស្រាអែល។ ការសម្រេចនេះ ក្រោយមានសំណើររបស់សមាគមបាល់ទាត់ប៉ាឡេស្ទីន និងអាល់ហ្សេរី។



ក្រុមប៉ាឡេស្ទីន នឹងត្រូវចាប់ផ្តើមការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 ក្នុងតំបន់អាស៊ីនៅខែវិច្ឆិការខាងមុខ។ ការប្រកួតជម្រុះដំបូងរបស់ប៉ាឡេស្ទីន ដែលជាការប្រកួតក្រៅទឹកដី ត្រូវប៉ះក្រុមលីបង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយពួកគេត្រូវលេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រកួតក្នុងទឹកដីទល់នឹងក្រុមអូស្ត្រាលី នៅថ្ងៃទី២១ ខែវិច្ឆិកា នឹងត្រូវប្រកួតក្នុងប្រទេសអាល់ហ្សេរីដែលស្ថិតក្នុងទ្វីបអាហ្រ្វិក។
 
ការសម្រេចយកប្រទេសអាល់ហ្សេរីដើម្បីរៀបចំការប្រកួត កើតឡើង ក្រោយពេលដែលមានការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយការបាញ់គ្រាប់រ៉ុកែ្កតជាង ៥០០០គ្រាប់ស្រោចលើទឹកដីអ៊ីស្រាអែល។
  


សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មកដល់ពេលនេះបានធ្វើឱ្យប្រជាជនអ៊ីស្រាអែលស្លាប់ប្រមាណជាង ១៤០០នាក់ ចំណែកឯប្រជាជនប៉ាឡេស្ទីន ដែលបានស្លាប់បានកើនឡើងដល់ជិត ៣០០០នាក់។ តំបន់កាហ្សាស្រ្ទីបកំពុងរងការវាយប្រហារពីការទម្លាក់គ្រាប់បែកពីផ្ទៃអាកាសរបស់កងទ័ពអ៊ីស្រាអែល។
 
«ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរីលោក Walid Sadi ប្រកាសថាប្រទេសអាល់ហ្សេរី នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតផ្លូវការរបស់ក្រុមប៉ាឡេស្ទីន-អូស្ត្រាលី ដែលគ្រោងធ្វើនៅខែវិច្ឆិកា។»។ នេះបើតាមការបង្ហោះសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធអាល់ហ្សេរី។
 
បើតាមរយៈអះអាងបន្ថែមពីសំណាក់សេចក្តីថ្លែងការណ៍ ប្រទេសអាល់ហ្សេរី នឹងរៀបចំរាល់ការប្រកួតផ្លូវការ និងមិនផ្លូវការ ដែលជាផ្នែករបស់ក្រុមជម្រើសជាតិប៉ាឡេស្ទីន សម្រាប់ត្រៀមខ្លួនការប្រកួតជម្រុះ World Cup 2026 និង Asian Cup 2027។ រាល់ការស្នាក់នៅ ការដឹកជញ្ជូន ដែលទាក់ទងនឹងការស្នាក់នៅរបស់ក្រុមប៉ាឡេស្ទីន ត្រូវបានសហព័ន្ធអាល់ហ្សេរី បង់ថ្លៃចំណាយទាំងអស់។
 
ដោយឡែក សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែលមានពហុកីឡដ្ឋានជាតិមានមូលដ្ឋាននៅតំបន់ West Bank បានស្វែងរកជំនួយពីខាងក្រៅ ខណៈដែលជម្លោះក្នុងតំបន់កាន់តែមានកម្តៅខ្លាំងឡើង។ សហព័ន្ធបាល់ទាត់អាស៊ី AFC បានស្នើសុំឱ្យមានការប្រកួតរវាងប៉ាឡេស្ទីន ទល់នឹងអូស្ត្រាលី ធ្វើឡើងនៅទឹកដីអព្យាក្រឹត (ទឹកដីកណ្តាល)។
 
ប្រទេសអាល់ហ្សេរីទៀតសោត​ថាខ្លួនបានយល់ព្រមទទួលរៀបចំការប្រកួតអន្តរជាតិរបស់ក្រុមជម្រើសជាតិប៉ាឡេស្ទីន ប៉ុន្តែក៏ត្រូវការយល់ព្រមពីសំណាក់ស្ថាប័នបាល់ទាត់អន្តរជាតិ ​FIFA ជាមុនផងដែរ។
 
កាលពីសប្តាហ៍មុនក្រុមប៉ាឡេស្ទីន ត្រូវបានបង្ខំចិត្តដកខ្លួនចេញពីការប្រកួតក្នុងពានរង្វាន់ Malaysia Cup ក្នុងប្រទេសម៉ាឡេស៊ី ២ថ្ងៃ ក្រោយពេលដែលកើតមានជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដោយឡែកក្រុមជម្រើសជាតិអ៊ីស្រាអែល ដែលត្រូវប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ទល់នឹងស្វ៊ីស និងកូសូវូ ត្រូវបានផ្អាកដោយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ក្រោយពេលមានជម្លោះកើតឡើង៕
 

Tag:
 ប៉ាឡេស្ទីន
  អាល់ហ្សេរី
© រក្សាសិទ្ធិដោយ thmeythmey.com