សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមគ្រោងបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម​២ភាគរយរហូតដល់ខែមិថុនា
18, Oct 2023 , 9:09 am        
រូបភាព
ផ្សារទំនើបមួយកន្លែងនៅហាណូយ ។ រូបភាព ៖ Xinhua
ផ្សារទំនើបមួយកន្លែងនៅហាណូយ ។ រូបភាព ៖ Xinhua
រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួនគ្រោងនឹងបន្តកាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម (VAT) មកត្រឹម៨ភាគរយរហូតដល់ចុងខែមិថុនាឆ្នាំ២០២៤ ដើម្បីជំរុញការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក ខណៈដែលសេដ្ឋកិច្ចពិភពលោកនៅតែធ្លាក់ចុះ។

 
ការកាត់បន្ថយពី១០ភាគរយមកត្រឹម ៨ភាគរយ បានចូលជាធរមានកាលពីខែកក្កដា ហើយគ្រោងនឹងផុតកំណត់នៅចុងឆ្នាំនេះ។ យ៉ាងណាការ​កាត់​បន្ថយ​នេះ ​នៅ​តែ​ត្រូវ​ការ​ការ​អនុម័ត​ពី​សភា ហើយសម័យ​ប្រជុំ​សភា​​នឹងចាប់​ផ្តើម​នៅ​សប្តាហ៍ក្រោយនេះដើម្បីបន្តដល់ពាក់កណ្តាលឆ្នាំក្រោយ។
 
រដ្ឋាភិបាលវៀតណាមបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រា ៨ភាគរយមិនអាចអនុវត្តបានចំពោះសេវាកម្ម និងផលិតផលដូចជា ធនាគារ ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងអចលនទ្រព្យឡើយ។
 
ការកាត់បន្ថយពន្ធ VAT នេះត្រូវបានរំពឹងថានឹងជំរុញការប្រើប្រាស់ក្នុងស្រុកនឹងកាត់បន្ថយចំណូលថវិការបស់រដ្ឋចំនួន ២៥ទ្រីលានដុង (១,០២ពាន់លានដុល្លារ)។
 
ទិន្នន័យផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៥,៣៣ភាគរយនៅត្រីមាសទីបីនេះដែលខ្ពស់ជាង ៤,០៥ភាគរយធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ អតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងចាប់ពីខែមិថុនា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅខែកញ្ញាបានកើនឡើង ៣,៧ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
 
ទន្ទឹមនេះ ការលក់រាយនៅវៀតណាមបានកើនឡើង ៩,៧ភាគរយនៅរយៈពេល៩ខែឆ្នាំនេះធៀបនឹងឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានស្ថិតិទូទៅវៀតណាម។ 
 
បើតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ចវៀតណាមបានកើនឡើងក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដោយសារការងើបឡើងវិញបន្តិចម្តងៗនៃការនាំចេញ ការប្រើប្រាស់ក្នុងស្រុកនៅតែធ្លាក់ចុះ ហើយកំណើនឥណទាននៅតែបន្តយឺត ឆ្លុះបញ្ចាំងពីការវិនិយោគក្នុងស្រុក និងទំនុកចិត្តរបស់វិនិយោគិន៕ 
 

Tag:
 ពន្ធលើតម្លៃបន្ថែម
  VAT
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com