កីឡាអន្តរជាតិ
អន្តរជាតិ
Michelle Yeoh តារាហូលីវូដដែលឈ្នះអូស្ការដំបូងគេ ចូលជាសមាជិក IOC
18, Oct 2023 , 9:32 am        
រូបភាព
អ្នកស្រី Michelle Yeoh តារាសម្តែងហូលីវូដរបស់អាស៊ីដែលឈ្នះពានរង្វាន់អូស្ការ (Oscar) បានចូលរួមជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) តាមរយៈការបោះឆ្នោតដែល​ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ IOC លើកទី១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា នាថ្ងៃទី១៦ ខែតុលា។



តារាសម្តែងដ៏ល្បី Yeoh ជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក៧ នាក់ផ្សេងទៀត ដែលត្រូវបានស្នើសុំឱ្យចូលរួមក្នុងស្ថាប័នអូឡាំពិកអន្តរជាតិ នៅក្នុងសម័យប្រជុំរបស់ IOC ក្នុងរដ្ឋធានីដ៏ធំទីក្រុងបុមបៃ ប្រទេសឥណ្ឌា។
 
អតីតកីឡាការិនីយុវជនម៉ាឡេស៊ី និងជាជើងកីឡាវាយកូនបាល់ (Squash) អ្នកស្រី Yeoh បានឈ្នះពានរង្វាន់អូស្ការ ក្នុងនាមជាតួឯកស្រីល្អបំផុត កាលពីដើមឆ្នាំ២០២៣ សម្រាប់ការសម្តែងជាតួអង្គមួយ នៅក្នុងរឿងដែលមានឈ្មោះថា «Everything Everywhere All at Once» របស់​ហូលីវូដ។
 
អ្នកស្រី Yeoh បានឈានជើងដល់ការសម្តែងភាពយន្តហូលីវូដដំបូង ដោយអ្នកស្រី បានសម្តែងជានារីជនជាតិចិនដំបូងគេ  នៅក្នុងរឿងមានចំណងជើងថា «Tomorrow Never Dies» ​នៅក្នុង​ឆ្នាំ១៩៩៧ ជាមួយតារាសម្តែង Pierce Brosnan។ តារាសម្តែង និងជាផលិតករវ័យ ៦១ឆ្នាំ និងជា​ទូតសុច្ឆន្ទៈរបស់អង្គការសហប្រជាជាតិ បានសម្តែងនៅក្នុងភាពយន្តក្បាច់គុនដ៏ល្បីមានចំណងជើងថា «Crouching Tiger Hidden Dragon» ក៏ដូចជារឿង «Memoirs of a Geisha»​ នៅក្នុងឆ្នាំ២០០៥ និងរឿងបែបកំប្លែងមនោសញ្ចេតនាក្នុងឆ្នាំ ២០១៨ «Crazy Rich Asians»។
 
អ្នកស្រី Yeoh បានរៀបការជាមួយ​លោក Jean Todt អតីតប្រធានសហព័ន្ធការប្រណាំងយានយន្តអន្តរជាតិ FIA ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន IOC នៅក្នុងឆ្នាំ២០១៣។
 
បុគ្គលដែលបានចូលរួមជាមួយ​ស្ថាប័ន IOC ផ្សេងតៀត មាន​អ្នកស្រី Yael Arad អតីតម្ចាស់មេដាយអូឡាំពិកលើកដំបូងបង្អស់របស់អ៊ីស្រាអែល លោក Balasz Furjes អ្នកជំនួញសញ្ជាតិហុងគ្រី និងជាអ្នកគ្រប់គ្រងកីឡា អ្នកស្រី Cecilia Tait អតីតម្ចាស់មេដាយអូឡាំពិកលើប្រភេទកីឡាបាល់ទះ និងជាអ្នកនយោបាយរបស់ប្រទេសប៉េរូ និងលោក Michael Mronz សហគ្រិនកីឡានៃប្រទេសអាល្លឺម៉ង់ ដែលត្រូវបានបញ្ចូលជាសមាជិកថ្មីទាំង ៥រូប របស់ IOC។
 
ចំណែកអ្នកស្រី Petra Soerling របស់ប្រទេសស៊ុយអែត ដែលជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងលោក Kim Jae Youl ប្រធានសហព័ន្ធស្គីអន្តរជាតិ បានចូលរួមជាសមាជិកនៃស្ថាប័នអូឡាំពិក តាមរយៈមុខងារជាប្រធានសហព័ន្ធអន្តរជាតិរបស់ពួកគេទាំងពីរ៕
 

Tag:
 Michelle Yeoh
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com