ជាតិ
សាសនា / ធម៌
បុណ្យកឋិនទាន! រដ្ឋមន្ត្រីធម្មការហាមដើររៃអង្គាសតាមផ្លូវ និងទីប្រជុំជននានា
18, Oct 2023 , 10:29 am        
រូបភាព
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
ដោយ: រួបរួម
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំមួយកាលថ្ងៃទី១៨ ខែតុលា ស្តីពីការរៀបចំបុណ្យកឋិនទាន។ ជាពិធីបុណ្យដែលមានរយៈពេលកំណត់២៩ថ្ងៃ និងមានតែម្តងក្នុងមួយឆ្នាំសម្រាប់វត្តនីមួយៗ ដូច្នេះលោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ដើម្បីឱ្យបុណ្យនេះ ដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា។



«ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឱ្យបាត់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា»។ លោក ចាយ បូរិន បានណែនាំបែបនេះ ដល់គ្រប់មន្ទីរធម្មកា រាជធានី-ខេត្ត។

រដ្ឋមន្ត្រីធម្មការ បានគូសបញ្ជាក់ថា បុណ្យកឋិនទាន មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង ក្នុងរយៈពេលកំណត់តែ២៩ថ្ងៃ ហើយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានដែលមានផល្លានុសង្សច្រើន ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រៅពីហាមការដើររៃអង្គាសតាមទីសាធារណៈ លោក ចាយ បូរិន ណែនាំមន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់បង្កលក្ខណៈល្អប្រសើរសម្រាប់ការប្រារព្ធពិធីស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។

ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណី ជាដើមលើសពីសេចក្តីត្រូវការ លោករដ្ឋមន្ត្រីស្នើឱ្យចាត់ចែងរៀបចំជូនចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។ លោកណែនាំដល់បណ្តាប្រធានមន្ទីរធម្មការ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការវត្ត ដើម្បីអនុវត្តឱ្យបានសម្រេចលទ្ធផលល្អប្រសើរស្របតាមប្រពៃណីជាតិ។

បុណ្យកឋិន គឺជាបុណ្យ១របស់ព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។ អាចនិយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើមធ្វើបុណ្យកឋិន នៅក្រោយថ្ងៃចេញព្រះវស្សា។ ការចូលព្រះវស្សារបស់ព្រះសង្ឃ មានរយៈពេល៣ខែ។
 
កឋិនកាល គឺជារដូវដែលប្រជាពុទ្ធបរិស័ទ នាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ។ បច្ចុប្បន្ន គេ ឃើញពុទ្ធបរិស័ទ មិនត្រឹមតែប្រគេនចីវរទេ នៅប្រគេនទេយ្យទានផ្សេងៗទៀត ដូចជា គ្រឿងបរិភោគ និង ថ្នាំសង្កូវ ជាដើម រួមទាំងបច្ច័យផងដែរ (ថវិកា)។
 
បើតាមព្រះវិន័យ វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។ បុណ្យនេះ មិនត្រឹមតែជាបុណ្យបែបព្រះវិន័យទេ តែថែមទាំងក្លាយជាបុណ្យប្រពៃណីខ្មែរផងដែរ។
 
ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឲ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ វត្តខ្លះ អាចមានកឋិនច្រើនហែចូល ដោយមានម្ចាស់ផ្សេងៗគ្នា តែពិធីនេះដាច់ខាត ត្រូវរៀបចំយ៉ាងណាឲ្យចំថ្ងៃជាមួយគ្នា ដោយមិនអាចខុសថ្ងៃគ្នាបានឡើយ។ និយាយឲ្យស្រួលស្តាប់ គឺ ក្នុងមួយវត្តអាចមានកឋិនប៉ុន្មានក៏បានដែរ តែត្រូវប្រារព្ធឡើងជាមួយគ្នាក្នុងថ្ងៃតែមួយ។
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា បុណ្យកឋិន មិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com