អន្តរជាតិ
ចិន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ីក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងថាមពលថ្មី
18, Oct 2023 , 11:29 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និយាយនៅថ្ងៃទី១៧ ខែតុលាថា ចិនមានឆន្ទៈក្នុងការពង្រីកនិង​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ីនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន​ដូច​ជា​សេដ្ឋកិច្ច​ឌីជីថល បច្ចេកវិទ្យាពន្លឺព្រះអាទិត្យ និងថាមពលថ្មីសម្រាប់យាន្តជំនិះ។

 
នៅក្នុងកិច្ចប្រជុំខាងក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បង្ហាញឆន្ទៈក្នុងការជំរុញការនាំចូលផលិតផលកសិកម្ម និងនេសាទ​របស់​ឥណ្ឌូណេស៊ីបន្ថែមពីលើការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា​បន្ទះ​ពន្លឺ​ព្រះ​អាទិត្យ និងថាមពលថ្មីសម្រាប់រថយន្ត។ នេះបើយោងតាមទូរទស្សន៍រដ្ឋចិន​។
 
លោក ស៊ី និយាយទៀតថា ភាគីទាំងពីរគួរតែធ្វើឱ្យធ្វើការស៊ីជម្រៅក្នុងការរួមបញ្ចូលខ្សែច្រវាក់​ឧស្សាហកម្ម និងផ្គត់ផ្គង់ ហើយរួមគ្នាជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចទូលំទូលាយ​ក្នុង​តំបន់​។
 
ទំនាក់ទំនងរវាងឥណ្ឌូណេស៊ី និងចិនត្រូវមើលឃើញថា កាន់តែល្អប្រសើរនារយៈពេលចុងក្រោយនេះ។កាលដើមខែតុលា លោក វីដូដូ បានសម្ពោធផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៧,៣ពាន់លានដុល្លារ ដែល​ត​ភ្ជាប់រដ្ឋធានីហ្សាការតាជាមួយទីក្រុងបានឌុង។ ផ្លូវដែកដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោ មួយរបស់លោក វីដូដូ និងជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏​ប្រឈមមុខ​បញ្ហា​ជា​ច្រើន​រាប់​ចាប់​ពីបញ្ហាលទ្ធកម្មដីធ្លី និងការពន្យាពេលដោយសារជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យថ្លៃ​សាង​សង់​កើន​ឡើង។ 
 
មេដឹកនាំចិន ចាត់ទុកផ្លូវរថភ្លើងល្បឿនលឿនថាជា «ម៉ាកយីហោមាស» នៃកិច្ចសហប្រតិបត្តិការចិន-ឥណ្ឌូណេស៊ីក្នុងការកសាងខ្សែក្រវាត់ និងផ្លូវ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ លោក វីដូដូ អះអាងថា ឥណ្ឌូណេស៊ីចាត់ទុកចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកសាងប្រទេស ហើយទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយចិន។
 
ទន្ទឹមនេះ លោក ស៊ី​ បញ្ជាក់ថា ភាគីទាំងពីរគួរតែធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីការពារភាព​អព្យាក្រឹត្យរបស់អាស៊ាន លើកកម្ពស់តំបន់និយម បើកចំហ និងបង្ហាញពី​ការទទួលខុសត្រូវ​របស់​ប្រទេសកំពុងអភិវឌ្ឍសំខាន់ៗ៕
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com