ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យប្រធានាធិបតីវៀតណាម ពន្លឿនការចរចាតភ្ជាប់ផ្លូវល្បឿនលឿនបាវិត និងហូជីមិញ
18, Oct 2023 , 10:59 am        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រធានាធិបតីវៀតណាម ពន្លឿនការចារចាលើការតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញ-បាវិត និងពីបាវិត-ហូជីមិញ ប្រទេសវៀតណាម។ សម្ដេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៨ ឧសភា។



ការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ទាំងទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាទ្វេរភាគីនេះ។
 
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
 
ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត ក៏បានស្នើលោក វ៉ វ៉ានធឿង ប្រធានាធិបតីវៀតណាម ពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
 
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកដ្ឋានសាងសង កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣។ ផ្លូវនេះគ្រោងប្រើពេលសាងសង ៤ឆ្នាំ ដែលបញ្ចប់នៅឆ្នាំ២០២៧ ដើម្បីឱ្យទាន់ពេលវេលា ដែលក្រសួងសាធារណការវៀតណាម បើកការដា្ឋនសាងសង់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកបាវិត ដែរ។ បើតាមក្រសួងសាធារណការ ពន្យល់កន្លងមក ផ្លូវនេះ នឹងតភ្ជាប់ទៅវៀតណាម និងបណ្ដាអាស៊ានផ្សេងទៀត មានថៃ មីយ៉ាន់ម៉ា រហូតដល់ចិន។
 
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង ១៣៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ដោយប្រើថវិកាប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់ឱ្យមានគុណភាពបច្ចេកទេសតាមស្ដង់ដា ដូចផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ 
 
កាលពីខែឧសភា ២០២៣ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។
 
កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។
 
គម្រោងសាងសងនេះ ស្ថិតក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ដោយក្រុមហ៊ុននឹងប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com