អន្តរជាតិ
ហាម៉ាសចោទអ៊ីស្រាអែលវាយប្រហារមន្ទីរពេទ្យនៅកាហ្សាដែលសម្លាប់មនុស្សជាង៥០០នាក់ តែអ៊ីស្រាអែលបដិសេធ
18, Oct 2023 , 2:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មន្ទីរពេទ្យមួយកន្លែងនៅកាហ្សាដែលមានប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ប្រមូលផ្តុំគ្នា បានរងការវាយប្រហារនៅថ្ងៃទី១៧ ខែតុលា ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៥០០នាក់។ ក្រុមហាម៉ាសបានចោទថា ជាទង្វើបង្កដោយអ៊ីស្រាអែល ខណៈអ៊ីស្រាអែលទម្លាក់កំហុសលើក្រុមប្រយុទ្ធផ្សេងដែលមានវត្តមានក្នុងតំបន់កាហ្សា។

 
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅក្នុងតំបន់កាហ្សា មនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងករណីវាយប្រហារមន្ទីរពេទ្យ al-Ahli ក្នុងតំបន់កាហ្សា ដែលមានមនុស្សជាច្រើនស្នាក់នៅ។ 
 
បន្ទាប់ពីមានការវាយប្រហារខាងលើ ក្រុមហាម៉ាស បានទម្លាក់កំហុសលើអ៊ីស្រាអែល។ ក្រុមហាម៉ាស នៅថ្ងៃទី១៧ ខែតុលា បានចាត់ទុកការវាយប្រហារមន្ទីរពេទ្យ ជាការសម្លាប់រង្គាលដ៏អាក្រក់មួយ ដែលបង្កដោយអ៊ីស្រាអែល។ 
 
យ៉ាងណាមិញ យោធាអ៊ីស្រាអែល បានបន្ទោសក្រុមសកម្មប្រយុទ្ធឥស្លាមជីហាដ (Islamic Jihad) នៅក្នុងតំបន់កាហ្សាដែលបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់នៅក្បែរមន្ទីរពេទ្យ al-Ahli។ អ៊ីស្រាអែល បានជំរុញឱ្យក្រុមជីហាដទទួលខុសត្រូវ។ ក្រុមឥស្លាមជីហាដ ជាក្រុមសកម្មប្រយុទ្ធដែលមានទំហំធំលំដាប់ទីពីរ នៅក្នុងតំបន់កាហ្សាបន្ទាប់ពីក្រុមហាម៉ាស។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយ ឧត្តមនាវីទោ Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានថ្លែងការពារថា យោធារបស់ខ្លួន បានកំណត់រួចហើយថា គ្មានការវាយប្រហារតាមផ្លូវអាកាស ដី និងទឹករបស់អ៊ីស្រាអែល ក្នុងអំឡុងពេលវាយប្រហារមន្ទីរពេទ្យនោះឡើយ។ ទន្ទឹមនេះ អាវុធនៃការវាយប្រហារនោះ ក៏មិនត្រូវគ្នានឹងអាវុធរបស់អ៊ីស្រាអែលដែរ។ 
 
ចាប់តាំងពីជម្លោះផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា យោធាអ៊ីស្រាអែល បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតប្រមាណ៤៥០គ្រាប់ ត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធផ្សេងពីក្រុមហាម៉ាស មកលើអ៊ីស្រាអែល។ 
 
ជាការឆ្លើយតប ក្រុមជីហាដ បានច្រានចោលការចោទប្រកាន់ និងចង្អុលមុខ អ៊ីស្រាអែលថា ព្យាយាមយ៉ាងខ្លាំងក្នុងការគេចវេសពីការទទួលខុសត្រូវលើការសម្លាប់រង្គាល ដែលខ្លួនបានប្រព្រឹត្ត។ ក្រុមជីហាដ បានបញ្ជាក់ពីបញ្ជារបស់យោធាអ៊ីស្រាអែលទៅកាន់មន្ទីរពេទ្យ Al-Ahli ឱ្យមានការជម្លៀសអ្នកជំងឺចេញ។ 
 
ការវាយប្រហារមន្ទីរពេទ្យខាងលើ ត្រូវបានសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍មួយ បញ្ចេញដោយអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រមុខអង្គការសហប្រជាជាតិ បានថ្កោលទោសលើការវាយប្រហារមន្ទីរពេទ្យ Al-Ahli ដែលបង្កឱ្យមនុស្សជាច្រើនរយនាក់ស្លាប់បាត់បង់ជីវិត និងអ្នកផ្សេងទៀតរងរបួស។ ប្រមុខអង្គការសហប្រជាជាតិ ក៏បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារអ្នកស្លាប់ផង។ 
 
មិនតែប៉ុណ្ណោះ ប្រជាជននៅក្នុងប្រទេស និងតំបន់ជាច្រើនក្នុងមជ្ឈិមបូព៌ា បានចេញមកតវ៉ា ដើម្បីបង្ហាញពីការមិនពេញចិត្តលើការវាយប្រហារមន្ទីរពេទ្យ Al-Ahli។ អ្នកតវ៉ា នៅក្នុងតំបន់ត្រើយខាងលិច បានប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ ដោយសារបង្ហាញពីកំហឹងរបស់ខ្លួនលើការវាយប្រហារមន្ទីរពេទ្យក្នុងតំបន់កាហ្សា។ 
 
មិនតែប៉ុណ្ណោះ នៅក្នុងក្រុងខ្លះរបស់អេហ្ស៊ីប លីបង់ ហ្សកដានី ទុយនីស៊ី និងតួកគីជាដើម ក៏មានបាតុកម្មប្រឆាំងនឹងការវាយប្រហារលើមន្ទីរពេទ្យAl-Ahli ផង៕ 
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com