ជាតិ
សង្គមជាតិ
លោក ស្វាយ ស៊ីថា ​ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ច​ការ​​ព័ត៌មាន
18, Oct 2023 , 2:59 pm        
រូបភាព
លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ស.ព.ស។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ស.ព.ស។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការជាតិ​សម្រប​សម្រួល​កិច្ច​ការព័ត៌មាន និងសាធារណមតិ(គ.ស.ព.ស) ១១រូប ហើយលោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន។ នេះបើតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ 
 
គណៈកម្មាធិការនេះ មានអនុប្រធាន​៤រូប គឺលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជា​អនុប្រធានទី១ ​លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជា​អនុ​ប្រធានអចិន្ត្រៃយ៍ និងអនុប្រធាន២រូបទៀត គឺលោក ទិត សុធា ប្រធាន​អង្គភាព​ព័ត៌មាន​និងប្រតិកម្មរហ័ស និងលោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។ 
 
គណៈកម្មាធិការជាតិ​សម្រប​សម្រួល​កិច្ច​ការព័ត៌មាន និងសាធារណមតិ មានតួនាទីពង្រឹង​សាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពារ​រូបភាព​វិជ្ជមាន​កម្ពុជា។ ​​គណៈកម្មាធិការនេះ​ ក៏មានភារកិច្ចការពារ​អធិបតេយ្យ​ជាតិ ផ្សព្វ​ផ្សាយ​សមិទ្ធផល​របស់រដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាព​កម្ពុជា ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិដែរ។
 
 ជាមួយគ្នានេះ គ.ស.ព.ស ជាអ្នកដើរតួនាទី ជំរុញប្រសិទ្ធភាពការងារឆ្លើយតប​ព័ត៌មាន​ក្លែង​ក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឲ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និង​បង្កើន​សមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល។ អង្គភាពនេះ ​ក៏ជាអ្នកផ្ដួចផ្ដើមគំនិតលើការ​ផលិត​​ខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ និងសហការផ្សព្វផ្សាយមាតិកា​ទាំង​នោះជាមួយបណ្តាញផ្សព្វ​​ផ្សាយនានា។ ក្រៅពីនេះ គ.ស.ព.ស ត្រូវធ្វើ​របាយការណ៍​ពីសកម្មភាពការងារ​ខ្លួនទៅប្រមុខរាជរដ្ឋាភិបាល និងអនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀតតាមការ​ប្រគល់​ពីនាយករដ្ឋមន្ត្រី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com