កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Neymar របួសជង្គង់ធ្ងន់ធ្ងរ ខណៈប្រេស៊ីលចាញ់អ៊ុយរូហ្កាយលើកដំបូងរយៈពេល២២ឆ្នាំ
18, Oct 2023 , 3:29 pm        
រូបភាព
Neymar Jr រងរបួសជង្គង់ នៅក្នុងការប្រកួតដែលក្រុមជម្រើសជាតិប្រេស៊ីល ចាញ់ក្រុមអ៊ុយរូហ្កាយ ដោយលទ្ធផល ២-០ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ក្នុងតំបន់អាមេរិកខាងត្បូង (CONMEBOL)។ ខ្សែប្រយុទ្ធកំពុងឡើងជើង Darwin Nunez និង Nicolas de la Cruz ស៊ុតម្នាក់ ១គ្រាប់នាំជ័យជម្នះដល់អ៊ុយរូហ្កាយ។



Nunez កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Liverpool បានស៊ុតបើកឆាកនៅនាទី៤២ ដោយការតែតបាល់បញ្ចូលទៅ មុនពេលដែល Neymar បានរងរបួសជង្គង់ និងបានប្តូរចេញ នៅ ២នាទីក្រោយត្រូវបានក្រុមអ៊ុយរូហ្កាយនាំមុខ ១-០។ កីឡាករ De La Cruz ស៊ុតបាល់ទី២ នៅនាទី៧៧ រក្សាជ័យជម្នះដល់អ៊ុយរូហ្កាយ ក្រសោបបាន ៣ពិន្ទុក្នុងដៃ។
 
ដោយបញ្ហាព្រួយបារម្ភបីស្ថានភាព Neymar បានផ្លាស់ប្តូរចេញពីទីលានប្រកួត បន្ទាប់ពីត្រូវបានគ្រូពេទ្យរបស់ក្រុមព្យាយាមព្យាបាល បន្ទាន់អស់រយៈពេលច្រើននាទីក្នុងទីលានរួចមក។ បើតាមប្រភពពីសំណាក់សហព័ន្ធបាល់ទាត់ប្រេស៊ីល ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ រងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ ហើយគេនឹងត្រូវឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ ស្វែងរកការខូចខាតសរសៃពួរ ឬមិនប៉ះពាល់។

 
 
«យើងសង្ឃឹមថាវានឹងមិនធ្ងន់ធ្ងរ រូបគេគឺជាកីឡាករដ៏សំខាន់សម្រាប់យើង យើងពិតជាត្រូវការរូបគេ រូបគេបានរងបញ្ហាជាច្រើនរួចមកហើយពីបញ្ហារបួសនេះ ហើយនៅពេលដែលរូបគេកំពុងតែឈានដល់កម្រិតលេងដ៏ល្អឡើងវិញ គឺរូបគេនឹងត្រូវរងការប៉ះពាល់ជាថ្មីនៃបញ្ហារបួសម្តងទៀត។»។ ខ្សែបម្រើ Casemiro ដែលជាប្រធានក្រុមបាននិយាយប្រាប់ទូរទស្សន៍ Globo បែបនេះ។
 
នៅក្នុងការប្រកួតវិញ ប្រេស៊ីលមានការគ្រប់គ្រងលើការប្រកួតខ្លាំងសម្រាប់វគ្គទីមួយ ទោះបីជាត្រូវបានក្រុមអ៊ុយរូហ្កាយអាចស៊ុតបើកការនាំមុខ ហើយក្រោយពេល Neymar Jr រងរបួស ក្រុមប្រេស៊ីលហាក់មានបញ្ហាទម្រង់លេង។
 
ជ័យជម្នះបានរុញច្រានក្រុមអ៊ុយរូហ្កាយឈរនៅចំណាត់ថ្នាក់លេខ ២ ដោយមាន៧ពិន្ទុ ស្មើនឹងក្រុមប្រេស៊ីល ដែលនៅចំណាត់ថ្នាក់លេខ ៣​ ចំណែកអាហ្សង់ទីនជាក្រុមឈរកំពូលតារាងមាន ១២ពិន្ទុ ឆ្លងកាត់ ៤ប្រកួតឈ្នះទាំងអស់។ អ៊ុយរូហ្កាយបំបែកកំណត់ត្រាខ្លួន ដោយយកឈ្នះលើក្រុមប្រេស៊ីលលើកដំបូងចាប់តាំងពីឆ្នាំ ២០០១។
 
ប្រេស៊ីលបានបញ្ចប់ការប្រកួតដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីលើក្រុមគូប្រកួត ក៏ដូចជាគ្មានការស៊ុតបាល់ចំគោលដៅឡើយសូម្បីមួយលើក ហើយក៏ជាបរាជ័យលើកដំបូងសម្រាប់ការប្រកួតជម្រុះ World Cup តាំងពីឆ្នាំ ២០១៥ បន្ទាប់ពីការប្រកួត ៣៧លើកក្នុងវគ្គជម្រុះ World Cup មិនដែលចាញ់ម្តងសោះ៕
 

Tag:
 Neymar Jr
  World Cup
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com