ជាតិ
សេដ្ឋកិច្ច
កម្ពុជា សម្រេចឱ្យក្រុមហ៊ុន​ចិន CRBC សិក្សាលម្អិតលើគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ»
18, Oct 2023 , 8:19 pm        
រូបភាព
គម្រោង«ព្រែកជីកហ្វូណន​តេជោ» ប្រវែង១៨០គីឡូម៉ែត្រ​ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិត មុនឈានដល់ការចរចា​លើកិច្ច​ព្រម​ព្រៀងសាងសង់។

 
ការសម្រេចនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ(Framework Agreement)រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា។​ បើតាមលោក ស៊ុន ចាន់ថុល កិច្ចព្រមព្រៀងនេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុនចិន CRBC សិក្សាលម្អិតលើគម្រោង«ព្រែកជីកហ្វូណន​តេជោ» ក្នុងរយៈពេល៨ខែ។ 
 
« ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺ[យើង]ឈានដល់ការចរចា ដើម្បីចុះកិច្ចព្រមព្រៀងសាងសង់តែម្តង »។ លោកស៊ុន ចាន់ថុល​ បានសសេរបែបនេះនៅលើផេកហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៧ តុលា ដោយបានបន្ថែមថា  បើគ្មានអ្វីប្រែប្រួលទេ គម្រោង«ព្រែកជីកហ្វូណន​តេជោ» អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤។ 
 
​កាលពីថ្ងៃទី១៩ឧសភា ឆ្នាំ២០២៣ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណនតេជោ)  ត្រូវបានរដ្ឋាភិបាលអនុម័ត​​ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសិក្សាអស់រយៈពេលជាង២ឆ្នាំ។ 
 
លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច បានបង្ហាញថា គម្រោងផ្លូវទឹកថ្មីនេះ ត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ។ កន្លងមក រដ្ឋាភិបាលបញ្ជាក់ថា​ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ 
 
គម្រោង«ព្រែកជីកហ្វូណន​តេជោ» មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕​
 

Tag:
 ព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com