សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី និងចិនបង្កើតមូលនិធិអភិវឌ្ឍន៍អាកាសចរណ៍តម្លៃ១ពាន់លានដុល្លារ
18, Oct 2023 , 8:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន​ (ឆ្វេង) និងប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបភាព ៖ TASS
ប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន​ (ឆ្វេង) និងប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបភាព ៖ TASS
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រកាសពីការបង្កើតមូលនិធិអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលសរុបចំនួន ១០០ពាន់លានរូប្លិ៍ (១ពាន់លានដុល្លារ) រួមគ្នាជាមួយដៃគូចិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង។ នេះ​បើ​តាម​​សារព័ត៌មាន Sputnik ។

 
បើតាមសេចក្តីប្រកាសរបស់ RDIF ការបង្កើតមូលនិធិអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលដែលមានតម្លៃ១០០ពាន់លានរូប្លិ៍ រួមជាមួយដៃគូមកពីចិន គឺដើម្បីវិនិយោគលើសហគ្រាសអាកាសចរណ៍ និងគម្រោងនានារវាងប្រទេសទាំងពីរ។ ការវិនិយោគលើគម្រោងនានាទាំងនៅរុស្ស៊ី និងចិនត្រូវធ្វើឡើងជារូបិយប័ណ្ណជាតិរបស់ខ្លួន និងបរិមាណទឹកប្រាក់ស្មើគ្នា។ 
 
ការបង្កើតមូលនិធិខាងលើដោយ RDIF ត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់​និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង។ មូលនិធិនេះនឹងវិនិយោគលើគម្រោងលំហអាកាស បច្ចេកវិទ្យាឌីជីថល ថាមពលដែលមានប្រសិទ្ធភាពខ្ពស់ និងទិន្នន័យធំៗ។
 
កន្លងមក RDIF ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការវិនិយោគជាមួយចិន បានអនុវត្តជាង ៤០គម្រោងរួចហើយដែលមានតម្លៃជាង ៧៥០ពាន់លានរូប្លិ៍។
 
គម្រោង​យន្តហោះ​ដែលហោះ​ហើរបានចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី-ចិន ​រំពឹងថា​នឹង​ប្រជែង​ជាមួយ​យន្តហោះ A330 និង​យន្តហោះ Boeing 777 បានចាប់ផ្តើម​ដំឡើងនៅ​ខែមេសា ឆ្នាំ ២០១៤។
 
គម្រោងនេះត្រូវបានអនុវត្តដោយសាជីវកម្មយន្តហោះទូទៅដែលជាផ្នែកមួយនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Rostec និងក្រុមហ៊ុន COMAC របស់ចិន។ នៅឆ្នាំ ២០១៧ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា CR 929 ។ 
 
នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ី និងចិនបានបង្កើតមូលនិធិវិនិយោគរួមគ្នា។ ក្នុងឆ្នាំ២០១៥  RDIF និង China Construction Bank បានយល់ព្រមបង្កើតមូលនិធិមួយដែលមានផែនការវិនិយោគ ២០ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចរុស្ស៊ី៕​

Tag:
 ចិន
  រុស្ស៊ី
  អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com