កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីគាំទ្រស់អារ៉ាប៊ីសាអូឌីត ដេញថ្លៃរៀប World Cup ឆ្នាំ២០៣៤
19, Oct 2023 , 7:59 am        
រូបភាព
សហព័ន្ធបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី (PSSI) គាំទ្រដល់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤។ ការប្រកាសគាំទ្រនេះកើតឡើងក្រោយរយៈពេល ១សប្តាហ៍ បន្ទាប់ពីស្ថាប័ន PSSI ប្រកាសថានឹងជជែងជាមួយអូស្ត្រាលី ក្នុងការរួមគ្នាដេញថ្លៃសធ្វើម្ចាស់ផ្ទះ World Cup 2034 ដែលមានការចាប់អារម្មណ៍ចូលរួមពីសំណាក់ម៉ាឡេស៊ី និងសិង្ហបុរី។



«ឥណ្ឌូណេស៊ី គាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅក្នុងឆ្នាំ ២០៣៤។ ប្រទេសឥណ្ឌូណេស៊ីក៏នឹងត្រៀមខ្លួនសម្រាប់ការដេញថ្លៃរៀប World Cup បន្ទាប់ពីឆ្នាំ ២០៣៤ ទៅ។»។ លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
កាលពីប៉ុន្មានសប្តាហ៍មុន FIFA ក៏បានប្រកាសអញ្ជើញប្រទេសមកពីទ្វីបអាស៊ី និងអូសេអានី ដាក់ការចាប់អារម្មណ៍សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នៅក្នុងឆ្នាំ ២០៣៤ រហូតដល់ថ្ងៃទី៣១ ខែតុលា។ លោក Thohir បានលើកឡើងថា លោកនឹងពិភាក្សាជាមួយមន្ត្រីជាប់ពាក់ព័ន្ធរបស់អូស្ត្រាលី អំពីជម្រើសក្នុងការដាក់ដេញថ្លៃ ដែលអាចរួមបញ្ចូលប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ផងដែរ។
 
ប្រទេសអូស្ត្រាលី ក៏ធ្លាប់បានប្រកាសរួចហើយថាខ្លួន ក៏បានសម្លឹងរកមើលដៃគូសហការ ក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup បុរសផងដែរ ក្រោយរៀប World Cup នារីជាមួយនូវែលសេឡង់ក្នុងឆ្នាំ ២០២៣ បានជោគជ័យ។
 
ស្ថាប័នបាល់ទាត់ពិភពលោក FIFA កាលពីប៉ុន្មានសប្តាហ៍មុន ក៏បានប្រកាសដោយភាពភ្ញាក់ផ្អើល ដោយប្រទេសម៉ារ៉ុក, អេស្ប៉ាញ និង ព័រទុយហ្កាល់ នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត World Cup 2030។ ប្រទេសប៉ារ៉ាហ្កាយ, អ៊ុយរូហ្កាយ និងអាហ្សង់ទីន នឹងត្រូវរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតបើកឆាក ៣លើកដំបូង ដើម្បីគម្រប់ខួប​​ ១០០ឆ្នាំ នៃកំណើតបាល់ទាត់ពិភពលោក៕
 

Tag:
 World Cup
  World Cup 2026
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com