ជាតិ
សេដ្ឋកិច្ច
ប្រាក់រៀល ត្រូវបានក្រុមហ៊ុន Travelex ជួញដូរនៅបរិវេណព្រលានយន្តហោះប្រទេសសិង្ហបុរី
18, Oct 2023 , 9:29 pm        
រូបភាព
ពីពេលនេះទៅ ធុរជន រួមទាំងភ្ញៀវ​ទេ​សចរ​កម្ពុជា និង​សិង្ហ​បុរី អាច​ប្តូរ​រូបិយ​បណ្ណ​ក្នុងស្រុក ទៅជា​ប្រាក់រៀល​ខ្មែរបាន នៅ​អាកាសយាន្តដ្ឋានអន្តរជាតិ Changi ប្រទេស​សិង្ហ​បុរី។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជា​ក្រុមហ៊ុន​ប្តូរប្រាក់​បរទេស​ឈាន​មុខ​គេ ចាប់ផ្តើម​ជួញដូរ​ប្រាក់រៀល​របស់កម្ពុជា​នៅ​ស្ថានីយ​អ្នកដំណើរ​ទី​២ និង​ទី​៣ នៃ​ព្រលានយន្តហោះ Changi ដែលជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ី និង​ជា​ច្រកចូល​មក​កម្ពុជា​។

 
បើតាមសេចក្តីប្រកាសរ​បស់​ក្រុមហ៊ុន Travelex  នាថ្ងៃទី១៦តុលា អតិថិជន ​​អាច​ទិញ និង​លក់​ប្រាក់រៀល​កម្ពុជា ​នៅ​ព្រលានយន្តហោះ Changi ជា​ថ្នូរ​នឹង​រូបិយបណ្ណប្រទស​ផ្សេងៗ ដូចជា លុយដុល្លារ​សិង្ហ​បុរី ដុល្លារ​អាម៉េរិក ដុល្លារ​អូស្ត្រាលី ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជប៉ុន​។​
 
ក្រុមហ៊ុនTravelex បាន​បញ្ជាក់ថា​៖ «​ការវិនិយោគ​លើ​ប្រាក់រៀល​ខ្មែរ និង​ការសម្រេចចិត្ត​របស់យើង​ក្នុងការ​ជួញដូរ​រូបិយបណ្ណ​ នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​របស់​អាស៊ីនេះ គឺតំណាងឱ្យ​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​សម្រាប់​រូបិយបណ្ណ​។ ការជួញដូរ​របស់​ក្រុមហ៊ុន Travelex មានន័យថា ប្រាក់​រៀល ​នាពេលនេះ​អាច​រកបាន ​ដើម្បី​ជួញដូរ​ជាមួយ​រូបិយបណ្ណ​ផ្សេងទៀត ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ ជា​លើកដំបូង​»​។ 
​លោក Dragon Wang ដែលជានាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន Travelex Asia បានរៀបរាប់នៅក្នុងសសេចក្តីប្រកាសរបស់ក្រុមហ៊ុនថា ជាមួយនឹង​ភាពជា​ដៃគូ​ជាមួយធនាគារជាតិនៃកម្ពុជា អ្នកដំណើរ​ប្រទេស​សិង្ហបុរី​ និងកម្ពុជា ​អាចប្តូរ​ប្រាក់​ជា​ប្រាក់រៀល​នៅ​ព្រលានយន្តហោះ Changi ​បាន។ កន្លងមក ​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ ​(Cambodia Angkor Air)​ និង​ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា អ៊ែរ​វេ (Cambodia Airways)​ បាន​ហោះហើរត្រង់រវាង​ប្រទេស​កម្ពុជា និងសិង្ហបុរី តាមរយៈ​ព្រលានយន្តហោះ Changi រួចហើយ​។​
«​យើង​មាន​សេចក្តី​រីករាយ​ដែល​គាំទ្រ​រូបិយបណ្ណ​ជាតិ​​កម្ពុជា និងមាន​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ ​តាមរយៈ​ការជំរុញ​ឱ្យមាន​ការប្តូ​រ​ប្រាក់​រៀល ​នៅ​ព្រលានយន្តហោះ Changi​»។ នេះជាការលើកឡើងរបស់លោក Dragon Wang ដោយបានបន្ថែមថា៖ «ការប្តូរ​ប្រាក់រៀល​នៅ​ព្រលាន​យន្ត​ហោះ Changi គឺជា​លើកដំបូង និងសំខាន់បំផុត ក្នុងការផ្តល់​លទ្ធភាព​ឱ្យ​អ្នកធ្វើដំណើរ​ទាំង​ទៅ-ទាំងមក ពី​​កម្ពុជា កាន់​​តែមាន​ភាពងាយស្រួល​ក្នុងការ​ប្តូរ​ជា​ប្រាក់រៀល​។ យើង​ពិត​ជាមាន​មោទក​​ភាព​ដែល​បានរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​​កិច្ច​របស់​ ​កម្ពុជា ក្នុងការ​បង្កើន​ការប្រើប្រាស់ និង​លទ្ធភាព​ចរាចរប្រាក់រៀល​កាន់តែ​ទូលំទូលាយ​»​។​
 
​ការប្តូរ​រូបិយ​បណ្ណ​ក្នុងស្រុកទៅ​ជា​ប្រាក់រៀល​ខ្មែរ​នៅ​ព្រលានយន្តហោះ Changi Airport ប្រទេស​សិង្ហ​បុរី ត្រូវបានធ្វើឡើងបន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ និង​ក្រុមហ៊ុន Travelex ជា​ក្រុមហ៊ុន​ប្តូរប្រាក់​បាន ​សម្រេចបាន​ភាពជា​ដៃគូ​ជាមួយគ្នា​។​ កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២៣ ធនាគារជាតិ​ និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ​(MAS)​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) លើ​គំនិត​ផ្តួចផ្តើម​អំពី​ការផ្តល់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល​ចាំបាច់​នានា​សម្រាប់​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ឆ្លងដែន និង​ពាណិជ្ជកម្ម​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម ​(SMEs) រវាង​ប្រទេស​ទាំងពីរ​។ 
 
​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិង្ហ​បុរី អាចធ្វើ​ការវាយតម្លៃ​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​សម្រាប់​អា​ជីវ​កម្ម​ឆ្លងកាត់​ព្រំដែន​របស់​ម្ចាស់ SME របស់​សិង្ហ​បុរី​ជាមួយ SME កម្ពុជា អាច​ប្រើប្រាស់ ដើម្បី​ទទួលបាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​។ ដូចគ្នានេះដែរ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​គាំទ្រ​ SMEs របស់ខ្លួន​ក៏​អាច​ទទួលបាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​ពី​ម្ចាស់ ​SMEs របស់​ប្រទេស​សិង្ហ​បុរី​ ផងដែរ​។​
 

Tag:
 ពាណិជ្ជកម្ម
  ហិរញ្ញាវត្ថុ
  ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com