សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក​ ស៊ី ជិនភីង​ ប្រកាសផ្តល់ប្រាក់១០០ពាន់លានដុល្លារសម្រាប់មូលនិធិខ្សែក្រវាត់ និងផ្លូវ
18, Oct 2023 , 9:59 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសនៅវេទិកាខ្សែក្រវាត់ និងផ្លូវថា ទីក្រុងប៉េកាំងនឹងចាក់បញ្ចូលមូលនិធិថ្មីជាង ១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយនេះ។

 
ដើម្បីអភិវឌ្ឍន៍នូវគំនិតផ្តួចផ្តើមរបស់គម្រោងខ្សែក្រវាត់ និងផ្លូវ ( BRI) ឲ្យកាន់តែមានភាពប្រសើរឡើង លោក ស៊ី បានប្រកាសថា អ្នកផ្តល់កម្ចីសម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗដូចជាធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូលចិន នឹងផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ១០០ ពាន់លានដុល្លារ។
 
ថ្លែងក្នុងវេទិកាគម្រប់ខួប១០ឆ្នាំនៃគម្រោងខ្សែក្រវាត់មួយ និងផ្លូវមួយ លោក ស៊ី បានលើកឡើង​ថា​៖ « BRI មាន​គោល​បំណង​លើក​កម្ពស់​គោល​នយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ការ​តភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន»។
 
បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូខ្សែក្រវ៉ាត់ និងផ្លូវ និងធ្វើការដោយមិនឈប់ឈរ ដើម្បីសម្រេចបាននូវទំនើបកម្មនៃប្រទេសទាំងនោះក្នុងពិភពលោក។
 
គម្រោងខ្សែក្រវាត់មួយ និងផ្លូវមួយ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំងលោក ស៊ី ជិនភីង នាពេលកន្លងមកបានចុះហត្ថលេខាលើកិច្ចសន្យាជាង ២ទ្រីលានដុល្លារនៅជុំវិញពិភពលោក។
 
ជុំវិញគម្រោងខ្សែក្រវាត់ និងផ្លូវនេះ ​មានការសារទរចំពោះ​ការ​នាំ​យក​ធនធាន និង​កំណើន​សេដ្ឋកិច្ច​មក​កាន់​ទ្វីបអាហ្វ្រិក និងអាស៊ីមួយចំនួន។ ប៉ុន្តែគំនិតផ្តួចផ្តើមនេះក៏ត្រូវបានថ្កោលទោសចំពោះប្រទេសក្រីក្រដែលមានបំណុលដ៏ធំច្រើនផងដែរ។
 
មេដឹកនាំចិនបន្តថា ធនាគារទាំងពីរនេះនឹងបង្កើតឱកាសហិរញ្ញប្បទានចំនួន ៣៥០ពាន់លានយ័ន (៤៧,៩ពាន់លានដុល្លារ) សម្រាប់គម្រោង BRI ។ ទន្ទឹមនេះ ទឹកប្រាក់បន្ថែមចំនួន ៨០ពាន់លានយ័ន (១០,៩៤ពាន់លានដុល្លារ) នឹងត្រូវចាក់ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការរបស់គម្រោងនេះ ដែលជាមូលនិធិផ្លូវសូត្រ៕ 
 

Tag:
 ចិន​
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com