ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រសួងសុខាភិបាលណែនាំឱ្យ​រស់នៅមានអនាម័យ ខណៈ​ជំងឺឆ្លងភ្នែ​ក​ក្រ​ហមកំពុងកើ​តច្រើន
19, Oct 2023 , 10:01 am        
រូបភាព
ភ្នំពេញ៖ ជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់នៅបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ដើម្បីបង្ការការឆ្លងរាលដាល ក្រសួងសុខាភិបាល ​បានណែនាំឱ្យពលរដ្ឋ ប្រកាន់ខ្ជាប់​ការ​រស់​នៅក្របកដោយអនាម័យ ជាពិសេសគឺ​ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវជាមួយ​សាប៊ូ ឬអាល់កុល មុន និងក្រោយប៉ះពាល់ភ្នែក ឬប៉ះពាល់ជាមួយអ្នកជំងឺឆ្លងភ្នែក​ក្រហម។

 
នៅថ្ងៃទី ១៩ ខែតុលាក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ​បញ្ជាក់​ពីកើតឡើងថ្មីគួរកត់សម្គាល់ នៃជំងឺភ្នែកក្រហមនៅកម្ពុជា។ បើតាមក្រសួងសុខា​ភិបាល ជំងឺភ្នែកក្រហម បង្កឡើងដោយវីរុស ឬបាក់តេរី ដែលវាមានរោគសញ្ញាដូច​ជា ​នៅ​ផ្នែក​សនៃភ្នែកឡើងពណ៌ផ្កាឈូក ឬ​ពណ៌​ក្រហម ហើមត្របកភ្នែក ជាពិសេនៅ​ពេលព្រឹក​មានហូរទឹកភ្នែកច្រើនជាងមុន រកាំ​ភ្នែក​ដោយសារមានអារម្មណ៍ថាមានអ្វីមួយ​នៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក ឬក្រហាយភ្នែក មានអាចម៍ភ្នែកពណ៌ខ្ទុះ ឬពណ៌ទឹកបាយ និងឈឺគ្រាប់ភ្នែកជាដើម។
 
សម្រាប់បុគ្គលដែលមានជំងឺភ្នែកក្រហម ក្រសួងសុខាភិបាល បានណែនាំឱ្យលាងដៃឱ្យបានញឹក​ញាប់​ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ ឬប្រើទឹកអាល់កុលលាងដៃមុន និងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬថ្នាក់លាបលើភ្នែក។ អ្នកជំងឺត្រូវចៀសវាងការប៉ះ ត្រដុស ឬញីភ្នែក ព្រោះធ្វើឱ្យរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត និងត្រូវលាងសម្អាតជុំវិញភ្នែក​ឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសើម ឬសំឡីស្អាត រួចទុកដាក់ និងសំអាតសម្ភារជូតសម្អាតភ្នែក និងលាងសម្អាតដៃឱ្យបានត្រឹមត្រូវ។ ចំពោះសម្ភារប្រើប្រាស់​របស់អ្នកជំងឺដូចជា ភួយ ខ្នើយ កន្សែង វ៉ែតតា និងរបស់របរប្រើប្រាស់​ផ្ទាល់ខ្លួនផ្សេងទៀត ត្រូវបោកគក់ និងលាងសម្អាតឱ្យត្រឹមត្រូវ ចៀសវាងចែករំលែកការប្រើប្រាស់​ជាមួយអ្នក​ដទៃ ដើម្បីបង្ការការឆ្លងរាលដាល។
 
ដោយឡែកសម្រាប់អ្នកដែលមិនទាន់មានជំងឺភ្នែកក្រហមនេះ ក្រសួងសុខាភិបាល ក៏ណែនាំឱ្យប្រកាន់ខ្ជាប់នូវការរស់នៅប្រកបដោយអនាម័យដែរ ដោយការលាងសម្អាតដៃញឹកញាប់ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ ឬអាល់កុល ឱ្យបានត្រឹមត្រូវ ហើយមុន និងក្រោយដាក់ថ្នាំលាប ឬថ្នាក់បន្តក់ភ្នែកឱ្យអ្នកជំងឺ។ ត្រូវលាងសម្អាតដៃបន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺភ្នែកក្រហម ឬបានប៉ះពាល់របស់របរប្រើប្រាស់​របស់អ្នកជំងឺ។ ក្រសួងសុខាភិបាល ណែនាំឱ្យចៀសវាងការប៉ះពាល់ភ្នែក ដោយមិនបានលាងសម្អាតដៃ និងចៀសវាងការប្រើប្រាស់​របស់របររួមគ្នាជាមួយនឹងអ្នកជំងឺភ្នែកក្រហម។ ជាមួយគ្នានេះ ការរក្សាគម្លាតឱ្យបានឆ្ងាយពីអ្នកជំងឺ ក៏អាចបញ្ចៀសការឆ្លងដែរ ព្រោះជំងឺនេះបង្កដោយវីរុស ឬបាក់តេរី ដែល​ឆ្លងតាមខ្យល់ តាមការក្អក និងកណ្តាស់របស់អ្នកជំងឺភ្នែកក្រហមដែរ។ 
 
ដើម្បីបង្ការកុំឱ្យជំងឺនេះកើតជាថ្មីនោះ ក្រសួងបានប្រាប់ឱ្យអ្នកជំងឺបោះចោលនូវសម្ភារប្រើប្រាស់​ផ្សេងៗនៅលើផ្ទៃមុខ ឬភ្នែក ដូចជាគ្រឿងសម្អាងភ្នែក ឬមុខ ជក់ផាត់មុខ កែវភ្នែកដែលប្រើហើយបោះចោល(Lens) និងប្រអប់ដាក់កែវភ្នែក(Lens Box) ផងដែរ។ ចំណែកវែនតា និងប្រអប់វែនតា ត្រូវសម្អាតឱ្យបានស្អាតមុននឹងប្រើប្រាស់។ 
 
បើតាមក្រសួងសុខាភិបាល ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល ដែលជាធម្មតា នឹងសះស្បើយវិញក្នុងពេល​ពី៧ ទៅ១៤ថ្ងៃ ដោយមិនត្រូវការការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណា ករណីខ្លះ ការរលាកភ្នែកដោយវីរុស ត្រូវការរយៈពេល ២ ទៅ៣ សប្តាហ៍ ឬច្រើនជាងនេះ ដើម្បីជាសះស្បើយ ដោយគ្រូពេទ្យ អាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាក់ដាក់ភ្នែក ដើម្បីជួយកាត់បន្ថយផលវិបាក និងការឆ្លងរាលដាលទៅអ្នកដទៃ៕
 

Tag:
 សុខាភិបាល
  ជំងឺភ្នែកក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com