អន្តរជាតិ
បេសកជន​អាម៉េរិក​ ស្នើឱ្យមានដំណោះស្រាយ​យូរអង្វែងដើម្បី​កែលម្អសិទ្ធិមនុស្សនៅកូរ៉េខាងជើង
19, Oct 2023 , 10:59 am        
រូបភាព
ប្រេសិតថ្មីរបស់អាម៉េរិកទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកូរ៉េខាងជើង នាថ្ងៃទី១៨ ខែតុលា លើកឡើង​ថា ការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំរបស់ជនជាតិកូរ៉េខាងជើងនាពេលថ្មីៗនេះនៅចិន ជាឧប្បត្តិហេតុ​មួយ​ដែលតម្រូវឱ្យប្រទេសដែលមានគំនិតដូចគ្នា ពិភាក្សាអំពីដំណោះស្រាយយូរអង្វែង​ជួយអ្នកដែលចង់​ចាកចេញពីរបបផ្តាច់ការ។

 
ពីទីក្រុងសេអ៊ូល តំណាងពិសេសសម្រាប់បញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង លោកស្រី Julie Turner សង្ឃឹមថា អាម៉េរិកនិងកូរ៉េខាងត្បូង នឹងធ្វើការរួមគ្នាដើម្បីការផ្លាស់ប្តូរជាក់ស្តែង ចំពោះ ស្ថានភាព​ដ៏​អាក្រក់នៅកូរ៉េខាងជើង។ លោកស្រី Turner សំដៅទៅលើរបាយការណ៍មួយដែល​បង្ហាញ​ថា កាលពីសប្ដាហ៍មុន ចិនបានបញ្ជូនអ្នករត់ចេញពីស្រុកកូរ៉េខាងជើង​ប្រហែល​៦០០នាក់ ទៅប្រទេសកំណើត​វិញ​ ប្រឆាំងឆន្ទៈរបស់ពួកគេ។
 
«ក្នុងនាមជាសហគមន៍អន្តរជាតិ យើងទាំងអស់គ្នាគួរតែព្រួយបារម្ភ (អំពីការធ្វើមាតុភូមិនិវត្តន៍ដោយ​បង្ខំ) ហើយនេះតម្រូវឱ្យរដ្ឋាភិបាលទាំងអស់ ធ្វើការរួមគ្នាដើម្បីធានាថា មិនត្រឹមតែមិនមានការ​ត្រឡប់​ទៅប្រទេសវិញបន្ថែមទៀតទេ ប៉ុន្តែក៏មានឆន្ទៈក្នុងការផ្តល់ដំណោះស្រាយយូរអង្វែង ​សម្រាប់​ប្រជាជន​កូរ៉េខាងជើង ដែលកំពុងស្វែងរកការជ្រកកោននៅបរទេស។ លោកស្រី Turner លើកឡើងបែបនេះ ​អំឡុងកិច្ចប្រជុំតុមូលប្រព័ន្ធផ្សព្វផ្សាយ នៅឯស្ថានទូតអាម៉េរិក ក្នុងទីក្រុងសេអ៊ូល។
 
ទាក់ទងការបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅវិញនេះ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន អះអាងថា  ពួកគេបានលើកបញ្ហាជាមួយទីក្រុងប៉េកាំង ដោយជំរុញឱ្យគោរពតាមគោលការណ៍អន្តរជាតិ ​នៃការ​មិន​បង្ខំជនភៀសខ្លួនត្រឡប់ទៅប្រទេសដែលពួកគេ ប្រឈមមុខនឹងហានិភ័យនៃការធ្វើទុក្ខបុកម្នេញ។
 
លោកស្រី Turner មិន​បាន​បញ្ជាក់​លម្អិត ​អំពី​អ្វី​ដែលជា​ដំណោះ​ស្រាយ​ទាំង​នោះ​ឡើយ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់លើ​តួនាទី​របស់​លោកស្រី ក្នុង​ការពង្រឹងសហគមន៍​អន្តរជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការបំពានសិទ្ធិ​មនុស្ស ។ លោកស្រីសង្ឃឹមធ្វើការយ៉ាង​ជិតស្និទ្ធ​ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិផ្សេងទៀត ដើម្បីបន្តជំរុញការ​ផ្លាស់ប្តូរ​ជាក់​ស្តែង ដែលធ្វើឱ្យជីវិតរបស់ប្រជាជនកូរ៉េខាងជើង ប្រសើរឡើង៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com