ជាតិ
សង្គមជាតិ
ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ១,៥លាននាក់ គ្រោងអនុវត្តន៍នៅចុងខែវិច្ឆិកា
19, Oct 2023 , 2:40 pm        
រូបភាព
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ នៅក្រសួងការងារ។ រូបថត៖ ពី លោក DINA
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ នៅក្រសួងការងារ។ រូបថត៖ ពី លោក DINA
បើគ្មានអ្វីប្រែប្រួលទេ ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១,៥លាននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា នឹងត្រូវដាក់ឱ្យអនុវត្តន៍នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងបែបនេះប្រាប់សារព័ត៌មានថ្មីៗ តាម​​ប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី១៩តុលានេះ។​

 
លោក កត្តា អ៊ន បានបញ្ជាក់យ៉ាងខ្លីថា​ បច្ចុប្បន្នក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើផែនការ និងគម្រោងនានា ដើម្បីត្រៀមអនុវត្តផែនការនេះ។​ ​កន្លងមក លោក អ៊ិត សំហេង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រនេះ ដោយផ្តោតសំខាន់លើយុទ្ធសាស្ត្រ៤។ ក្នុងនោះ មាន ទី១. ការកសាង និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានសិក្សា ទី២. ការបំពាក់ឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាល ទី៣. ការពង្រឹងសមត្ថភាពអ្នកគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស ទី៤ ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ 
 
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បានប្រកាសអំពីគម្រោងនៃការបណ្តុះបណ្តាលយុវជន១,៥លាននាក់នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស​ ផងដែរ។ សម្តេចបញ្ជាក់ដូច្នេះថា៖«យុវជនទាំងនោះ ពេលចូលរៀន មិនត្រឹមតែមិនបង់ប្រាក់ទេ តែរដ្ឋផ្តល់ប្រាក់ឧបត្ថម្ភឲ្យ [ទៀត]»។ 
 
បើតាមសម្តេច ហ៊ុន សែន ការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនរហូត១,៥លាននាក់នេះ គឺដើម្បីឲ្យកម្ពុជា មានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។ សម្តេច បន្ថែមថា បច្ចុប្បន្ន កម្ពុជា បានក្លាយជាគោលដៅនៃការទាក់ទាញវិនិយោគ៕ 
 

Tag:
 យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com