ជាតិ
សង្គមជាតិ
ព្រះសង្ឃវត្តអារញ្ញ​ នៅបណ្តោយស្ទឹងសៀមរាប តែងចែកម្ហូបដែលហូរហៀពេលបុណ្យ​ជូន​អ្ន​ក​​ខ្វះខាត​
19, Oct 2023 , 6:59 pm        
រូបភាព
ដោយ៖ ថោង ប្រណី

សៀមរាប៖ ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ តាមបណ្ដាទីវត្តអារាម​ភាគច្រើន ​សម្បូរទៅដោយម្ហូបអាហារសេសសល់ដូច្នេះហើយព្រះសង្ឃ និងគណៈកម្មកា​រ​វត្តទាំងអស់នោះ បានរៀបចំចាត់ចែងយកជូនញាតិញោមពុទ្ធបរិស័ទ ជិតឆ្ងាយតាម ដែល​​អាចធ្វើទៅបាន។ វត្តអារញ្ញសាគរ ដែលមានទីតាំងស្ថិតនៅតាម​បណ្ដោយស្ទឹង​សៀមរាប ​ក៏បានចាត់ចែង​ចង្ហាន់​ដែលនៅសេសសល់នោះ ចែកជូនដល់ប្រជាពលរដ្ឋដែល​មាន​ជីវភាព​ខ្វះខាតក្នុង​ក្រុងសៀមរាប។



តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 
 

​ព្រះគ្រូចៅអធិការវត្តអារញ្ញ ព្រះនាម ហ៊ាក់ គឹមហ៊ត់ ​មានសង្ឃដីកាថា ម្ហូបអាហារ​ជាច្រើន​មុខ​ដែលពុទ្ធបរិស័ទនិយមយកមកប្រគេនព្រះសង្ឃ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះមានដូចជា ស្ងោរចាប់ឆាយ ហុង ឆាមីសួរ ឆាមី និងអន្សមជ្រូកអន្សមចេកជាដើម មានហូរ​ហៀ​រាល់​ឆ្នាំ ដូច្នេះហើយព្រះអង្គក៏បានចាត់ចែងឲ្យគណៈកម្មការវត្តយក​ទៅចែកជូនដល់ពលរដ្ឋដែល​ខ្វះខាត​ម្ហូបអាហារហូបចុក នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាបនៅបរិវេណជុំវិញ​ភ្នំក្រោម។
 
ព្រះតេជគុណបន្ថែមថា ក្រៅពីពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅរដូវបុណ្យចូលឆ្នាំ​ ព្រះអង្គ​រៀប​ចំឱ្យមានការវេចខ្ចប់ម្ហូបអាហារ ដាក់ក្នុងប្រអប់ស្នោ​ដើម្បីយកទៅជូនដល់ពលរដ្ឋដែលមក​ពី​ទី​ជិតឆ្ងាយនៅតាមមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មន្ទីរ​ពេទ្យបង្អែក​ខេត្តសៀមរាប ជាពិសេសនៅពន្ធនាគារខេត្តសៀមរាប។ 
 
តេជគុណម្ចាស់មានសង្ឃដីកាទៀតថា សកម្មភាពនេះកើតឡើងពីសេចក្តីជ្រះថ្លា​របស់​ពុទ្ធ​បរិស័ទ ក៏ដូចជាការយកចិត្តទុកដាក់ពី​ព្រះសង្ឃ ចំពោះអ្នកដែល​​មាន​ជីវភាព​ខ្វះ​ខា​ត​​។ ព្រះ អង្គសង្ឃឹមដែរថា ​​សកម្មភាពចែករំលែកនឹងរីកសាយទៅដល់វត្តអារាមផ្សេងៗ​ទៀត​ដែរ​​៕
 

Tag:
 ThmeyThmey
  ភ្ជុំបិណ្ឌ
  វត្តអារញ្ញសាគរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com