ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យស្នងការរាជធានី-ខេត្ត ចាត់វិធានការលើក្មេងទំនើង និងបញ្ហាគ្រឿងញៀន
19, Oct 2023 , 3:49 pm        
រូបភាព
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដេជ្ញាកាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យបានពីចន្លោះ២០ទៅ៣០ភាគរយ ក្នុងអាណត្តិទី៧ ។ លោក ក៏បានបញ្ជាឱ្យសមត្ថកិច្ច ដោះស្រាយបញ្ហាក្មេងទំនើងផងដែរ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។

 
នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» នៅបណ្ឌិត្យសភានគរបាលកម្ពុជាថ្ងៃទី១៩ តុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកបញ្ហាក្មេងទំនើង ជាវិញ្ញាសាមួយ ដែលត្រូវតែសិក្សាអំពីបុព្វហេតុ ជាពិសេសគឺការនាំឱ្យក្រុមក្មេងទំនើងទាំងនោះ ប្រព្រឹត្តិបទល្មើស ប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គម។ 
 
«ដូចគ្នានេះ តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ»។ លោក ស សុខា សង្កាត់ធ្ងន់បែបនេះហើយ ដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យបានចន្លោះពី ២០ទៅ៣០ភាគរយ។ 
 
បើតាមរបាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២៣ សមត្ថកិច្ច បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន ៥,០៦០ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១២,៣៥៦នាក់។ រយៈពេល៨ខែមកនេះ សមត្ថកិច្ចបានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង២តោន កញ្ឆាសួតប្រមាណ៤០គីឡូក្រាម និងសារធាតុគីមីជាង៨០០គីឡូក្រាម៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com