កីឡាអន្តរជាតិ
អន្តរជាតិ
Salah រិះគន់អេហ្ស៊ីប និងអំពាវនាវឱ្យបញ្ចប់ការសម្លាប់រង្គាលនៅតំបន់កាហ្សា
19, Oct 2023 , 7:39 pm        
រូបភាព
Mohamed Salah ខ្សែប្រយុទ្ធ Liverpool បានអំពាវនាវឱ្យបញ្ចប់ការសម្លាប់រង្គាលនៅក្នុងតំបន់កាហ្សា ដែលកំពុងតែមានសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ Salah ក៏អំពាវនាវឱ្យមានជំនួយមនុស្សធម៌ចូលទៅដល់តំបន់រងគ្រោះនេះភ្លាមៗផងដែរ។



ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួន ដោយលើកឡើងទាក់ទងទៅនឹងបញ្ហាសង្គ្រាមអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ព្រមទាំងរិះគន់យ៉ាងខ្លាំងចំពោះប្រទេសអេហ្ស៊ីប ដែលនៅស្ងៀមចំពោះបញ្ហាដែលកំពុងកើតមាននៅជាប់ប្រទេសខ្លួន និងសូម្បីតែការផ្តល់ជំនួយមនុស្សធម៌។
 
«វាមិនមែនជារឿងដែលងាយស្រួលឡើយក្នុងការនិយាយក្នុងពេលនេះ មានអំពើហិង្សាច្រើនពេក និងភាពសាហាវឃោរឃៅខ្លាំងពេក ជីវិតទាំងអស់ត្រូវតែការពារ។ ការសម្លាប់រង្គាលត្រូវតែបញ្ឈប់ គ្រួសារត្រូវបែកបាក់ អ្វីដែលច្បាស់នៅពេលនេះគឺថា ជំនួយមនុស្សធម៌ទៅកាហ្សា គួរត្រូវបានអនុញ្ញាតជាបន្ទាន់ ដ្បិតប្រជាជននៅទីនោះមានស្ថានភាពអាក្រក់ខ្លាំងណាស់។»។ Salah បាននិយាយនៅក្នុងវីដេអូដែលគេបានបង្ហោះបែបនេះ។
 
គិតមកដល់ពេលនេះ ប្រជាជនប៉ាឡេស្ទីនប្រមាណជាង ៣,៤៧៨នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងប្រមាណជាង ១២,០៦៥នាក់រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសដោយការទម្លាក់គ្រាប់បែក ក្រោយពេលដែលក្រុមហាម៉ាសបានបាញ់ស្រោចគ្រាប់រ៉ុក្កែតជាង ៥០០០គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលប្រមាណ ១,៤០០នាក់បានស្លាប់ និងជាង ១០០នាក់បានចាប់ជាចំណាត់ខ្មាំង។
 
កាលពីថ្ងៃទី១៧ ខែតុលា រថយន្តដឹកជំនួយមនុស្សធម៌បានទៅក្បែតំបន់កាហ្សា ហើយបានខិតកាន់តែជិតនៅក្បែច្រកព្រំដែន Rafah ប៉ុន្តែនៅមិនទាន់មានព័ត៌មានថាតើក្រុមជនភាសខ្លួនប៉ាឡេស្ទីន អាចនឹងឆ្លងកាត់ព្រំដែនបានឬយ៉ាងណាឡើយ។ ប្រទេសអេហ្ស៊ីបកំពុងស្វែងរកការធានាសន្តិសុខពីអ៊ីស្រាអែល បន្ទាប់ពីតំបន់ព្រំដែនត្រូវបានបាញ់ផ្លោងចំនួន ៤ដង នាពេលថ្មីៗនេះ។
 
នាថ្ងៃទី១៨ ខែតុលា រដ្ឋាភិបាលអ៊ីស្រាអែលថាខ្លួនមិនបានបញ្ឈប់ការចូលទៅផ្តល់ជំនួយមនុស្សធម៌ពីសំណាក់ប្រទេសអេហ្ស៊ីបឡើយ ប៉ុន្តែអ៊ីស្រាអែលអះអាងថាការផ្គត់ផ្គង់នោះមិនត្រូវបានអនុញ្ញាតឱ្យចូលទៅដល់ក្រុមហាម៉ាសនោះទេ។
 
មុនពេលដែល Salah បង្ហោះវីដេអូនិយាយទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស រូបគេត្រូវបានអ្នកគាំទ្រអេហ្ស៊ីបរិះគន់ខ្លាំងនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អ្នកគាំទ្រចោទ Salah ថារូបគេគួរតែចេញមុខនិយាយដើម្បីការពារប្រជាជនប៉ាឡេស្ទីន ហើយអ្នកគាំទ្រខ្លះទៀតបានលុបចោលការតាមដាន ឬ Unfollow នៅលើបណ្តាញសង្គម។ 
 
ការរិះគន់ខ្លាំងបំផុតទៅលើកីឡាករវ័យ ៣១ឆ្នាំ ក្រោយពេលដែលមានការបាញ់ប្រហារទៅលើមន្ទីរពេទ្យមួយនៅក្នុងតំបន់កាហ្សាដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីទាំងក្មេងចាស់ជាង ៦០០នាក់។ ការបាញ់ប្រហារត្រង់មន្ទីរពេទ្យ ក្រុមហាម៉ាស និងអ៊ីស្រាអែលបានចោទគ្នាទៅវិញទៅមក ចំពោះអ្នកដែលត្រូវទទួលខុសត្រូវ៕
 

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com