សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៦,៥ពាន់លានដុល្លារ
19, Oct 2023 , 8:59 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
អាហ្សង់ទីន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៦,៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនាពេលនេះ​ គឺដើម្បីធានានូវសមត្ថភាពរបស់អាហ្សង់ទីនក្នុងការរក្សាការអភិវឌ្ឍវិស័យផលិតកម្ម និងបង្កើតការងារបន្ថែមទៀតសម្រាប់កម្មករ។

 
ក្រសួងសេដ្ឋកិច្ចអាហ្សង់ទីនបានប្រកាសថា ប្រធានាធិបតី Alberto Fernandez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយរដ្ឋាភិបាលចិន ដែលមានតម្លៃសរុបចំនួន ៤៧ពាន់លានយ័ន (៦,៥ពាន់លានដុល្លារ) ដែលជាការកើនឡើងចំនួន ១,៥ពាន់លានដុល្លារបើធៀបនឹងចំនួន​ដែល​ភាគី​ទាំង​ពីរ​បាន​ចរចា​កន្លង​មក។
 
កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំងនាដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី Alberto Fernandez ទៅកាន់ចិនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ។
 
ចែករំលែកនៅលើបណ្តាញសង្គម X លោក Fernandez បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយចិននាពេលនេះ​ គឺដើម្បីធានានូវសមត្ថភាពរបស់អាហ្សង់ទីនក្នុងការរក្សាការអភិវឌ្ឍក្នុងវិស័យផលិតកម្ម និងបង្កើតការងារបន្ថែមទៀតសម្រាប់កម្មករ។
 
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីនលោក Sergio Massa បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចព្រមព្រៀងខាងលើនេះ ក្នុងការបន្ធូរបន្ថយលំហូរនៃការនាំចូល និងការនាំចេញ ការបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេស និងជាពិសេសការសងបំណុលដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
 
កាលពីខែមិថុនាឆ្នាំមុន ធនាគារកណ្តាលអាហ្សង់ទីន (BCRA) ក៏បានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយចិនសម្រាប់រយៈពេល ៣ឆ្នាំទៀតជាមួយនឹងតម្លៃសរុបរហូតដល់ ១៣០ពាន់លានយ័ន (១៩ពាន់លានដុល្លារ) ដើម្បីពង្រឹងទុនបំរុងប្តូររូបិយប័ណ្ណបរទេស។ 
 
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង់ប្រាក់ពិសេសទ្វេដង និ​ងអនុញ្ញាតឱ្យ BCRA ដកប្រាក់ក្នុងគ្រាអាសន្នដែលមានតម្លៃសរុបពី ៣៥ទៅ ៧០ពាន់លានយ័ន (១០ពាន់លានដុល្លារ)។ បច្ចុប្បន្នអាហ្សង់ទីនកំពុងប្រើយន្តការនេះដើម្បីសងបំណុលទៅ IMF៕ 
  

Tag:
 អាហ្សង់ទីន
  ចិន
  រូបិយប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com