ជាតិ
សង្គមជាតិ
ឱកាសការងារជាង២ម៉ឺនកន្លែង សម្រាប់យុវជន នាខែវិច្ឆិកា
20, Oct 2023 , 7:59 am        
រូបភាព
លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (នៅកណ្តាលគេ)​
លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (នៅកណ្តាលគេ)​
ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ២០២៣ នឹងត្រូវធ្វើឡើង​នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ពីថ្ងៃទី១០-១១ ខែវិច្ឆិកា។ បើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិព័រណ៍នេះ នឹងមានស្តង់ប្រមាណ១៨០កន្លែងរបស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានា ដែលតាំងបង្ហាញពីឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់យុវជនកម្ពុជា។​

 
គោលដៅសំខាន់នៃការការៀបចំពិព័រណ៍នេះ ដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំលើកទី១៣ នៅទីស្តីការក្រសួងការងារ​ នាព្រឹកថ្ងៃទី១៩តុលា លោក កត្តា អ៊ន បានបញ្ជាក់ថា ពឹ្រត្តិការណ៍នេះ ជាកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីផ្លាស់ប្ដូរ រួមទាំងអ្នកចែករំលែកព័ត៌មានទីផ្សារការងារ ជាដើម។
 
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងាររូបនេះបន្តនិយាយដូច្នេះ៖ « ជារៀងរាល់ឆ្នាំ តាមរយៈពិព័រណ៍ការងារ យើងទទួលបានអ្នកចូលរួមជាង៣ម៉ឺននាក់ ហើយអ្នកផ្តល់ឱកាសការងារដល់យុវជនកម្ពុជា មានជាង២ម៉ឺនកន្លែង។ ដូច្នេះ វាជាកិច្ចសំខាន់ដែលយើងបន្តរៀបចំ​ពិព័រណ៍ការងារនេះឡើង ដើម្បីបន្តគុណប្រយោជន៍ដល់យុវជនយើងក្នុងវិស័យបំពេញការងារ»។​
 
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំនេះ តាំងពីឆ្នាំ២០១១មក ដែលផ្តល់ឱកាសការងារដល់យុវជនកម្ពុជា​បានប្រមាណ២៤ម៉ឺនលើជំនាញវិជ្ជាជីវៈផ្សេងៗគ្នា​ ដូចជា​ ផ្នែកធនាគារ ទេសចរណ៍ សំណង់ស៊ីវិល វិស្វករ គណនេយ្យករ និងទីផ្សារ...ជាដើម។  សម្រាប់ ការរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ២០២៣​ NEA បន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការ People in Need Cambodia) រួមទាំងទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធនានា ផងដែរ។ 
 
លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ។ លោក បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវត្រៀមខ្លួន​និងរៀបចំ CV ឱ្យបានច្រើន ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍ការងារ ដែលនឹងធ្វើឡើងពីថ្ងៃទី១០-១១វិច្ឆិកា​​ ខាងមុននេះ៕
 
ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំនេះ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ។ ដូច្នេះ អ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http://careerfair.nea.gov.kh/ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២។
 

Tag:
 យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com