អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ វ៉ាង យី​ ថ្លែងទៅកាន់ប្រទេសនានាថា «ប្រកួតគ្នា អ្នកណាធ្វើផ្លូវស្ពាន សាលារៀន កីឡដ្ឋាន បានច្រើនជាង»
19, Oct 2023 , 5:29 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅថ្ងៃទី១៨ ខែតុលា ប្រមុខការទូតចិន វ៉ាង យី​ចង់ឃើញប្រទេសនានាប្រកួតគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ជាជាងការប្រជែងគ្នាដែលបង្កបញ្ហា លោក វ៉ាង ចង់ប្រកួតសាងសង់ផ្លូវស្ពានឱ្យបានច្រើនជាងវិញ។

 
រដ្ឋមន្ត្រីការទេសចិនលោក​ វ៉ាង យី បានអះអាងចំពោះអ្នកកាសែតជាច្រើន ថា វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលទើបបញ្ចប់ ជាការប្រមូលផ្តុំដ៏ធំ និងជាវេទិកាដែលបង្ហាញពីការរួបរួម ឯកភាព កិច្ចសហប្រតិបត្តិការ បើកចំហរ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍ ហើយវេទិកានេះ នឹងសម្រេចបាននូវទំនើបកម្មសកល។ 
 
ការចូលរួមរបស់ប្រទេសចំនួន១៥១ អង្គការអន្តរជាតិចំនួន ៤១ និងគណៈប្រតិភូជាង ១ ម៉ឺននាក់នៅឯវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំង បង្ហាញពីការអំពាវនាវ និងឥទ្ធិពលសកលនៃគំនិតផ្តួចផ្តើមដែលស្នើឡើងដោយចិន។ នេះបើតាមបញ្ជាក់របស់លោក វ៉ាង យី ក្នុងសន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​​នា​ថ្ងៃ​១៨ ខែតុលា ។
 
ប្រមុខការបរទេសចិនរូបនេះ ​បានសង្ខេបខ្លឹមសារនៃ​វេទិកា​នេះមកត្រឹមបួនចំណុចធំៗ ដោយទីមួយ សញ្ញាច្បាស់បំផុតដែលវេទិកាបានបង្ហាញឲ្យឃើញនោះគឺការរួបរួម ការបើកចំហរ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ លោក វ៉ាង បញ្ជាក់ថា សញ្ញាដែលបញ្ជូនពីទីក្រុងប៉េកាំងទៅកាន់ពិភពលោកនាពេលនេះគឺ សន្តិភាព និងកិច្ចសហប្រតិបត្តិការជាភាពចាំបាច់ជាជាងការបែកបាក់គ្នា។
 
សម្រាប់ចំណុចទីពីរ លោក វ៉ាង បញ្ជាក់ថា ការឯកភាពដែលសម្រេចបាននៅក្នុងវេទិកា គឺការយកកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវទៅជាដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។ លើសពីនោះ ចក្ខុវិស័យនៃវេទិកានេះគឺដើម្បីរួមគ្នាសម្រេចបាននូវទំនើបកម្មសកល។ បើតាមលោក វ៉ាង ការសម្រេចបាននូវទំនើបភាវូបនីយកម្ម ជាសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងអស់ដែលជាសិទ្ធិរបស់ពួកគេ។ សម្រាប់មនុស្សជាង ៧ពាន់លាននាក់នៅជុំវិញពិភពលោកនឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវទំនើបកម្ម ដែលនឹងក្លាយជាចក្ខុវិស័យដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។
 
លក្ខណៈពិសេសលេចធ្លោបំផុតនៃវេទិកាឆ្នាំនេះ គឺប្រសិទ្ធភាព និងការអនុវត្តជាក់ស្តែង។ នេះជាការមើលឃើញរបស់លោក វ៉ាង យី បន្តកត់សម្គាល់ថា នៅក្នុងវេទិកាឆ្នាំនេះ ភាគីទាំងអស់បានផ្តល់លទ្ធផលសរុបចំនួន ៤៥៨កិច្ចសហប្រតិបត្តិការដែលខ្លឹមសារនីមួយៗមានលក្ខណៈជាក់ស្តែង ហើយចំនួននេះបានលើសពីការធ្វើវេទិកានាពេលកន្លងមក។
 
ជុំវិញសំណួរទាក់ទងថាតើចិនមានទស្សនៈចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលស្នើឡើងដោយប្រទេសផ្សេងទៀត លោក វ៉ាង បានឆ្លើយតបថា គំនិតផ្ដូចផ្ដើមរបស់ចិន ជាវេទិកាបើកចំហ ហើយចិនស្វាគមន៍គ្រប់ភាគីដើម្បីចូលរួមនៅពេលណាក៏បាន។ ទន្ទឹមនេះ ចិនសង្ឃឹមថាប្រទេសផ្សេងទៀតក៏នឹងរក្សាអាកប្បកិរិយាបើកចំហចំពោះគំនិតផ្តួចផ្តើមការតភ្ជាប់ ហើយចិនមានឆន្ទៈក្នុងការសហការជាមួយរាល់គំនិតផ្តួចផ្តើមការតភ្ជាប់។
 
ប្រមុខការបរទេសរូបនេះបានបង្ហាញពីឆន្ទៈក្នុងការភ្ជាប់គំនិតផ្ដួចផ្ដើមរបស់ខ្លួន ជាមួយនឹងយុទ្ធសាស្ត្រច្រកទា្វារសាកល (Global Gateway) របស់សហភាពអឺរ៉ុបដើម្បីបង្ហាញពីគុណសម្បត្តិទាំងចិន និងលោកខាងលិច។ ប៉ុន្តែលោកបែរជាចាត់ទុកអ្វីដែលអាម៉េរិកស្នើឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល ជាការប្រឆាំងនឹងគម្រោងរបស់ចិន។ 
 
« សូមប្រកួតគ្នាលើឆាកអន្តរជាតិ តើអ្នកណាអាចសាងសង់ផ្លូវថ្នល់ ផ្លូវដែក និងស្ពានបានច្រើនជាងនៅប្រទេសកំពុងអភិវឌ្ឍ? តើអ្នកណាអាចសាងសង់សាលារៀន មន្ទីរពេទ្យ និងពហុកីឡដ្ឋានបានច្រើនជាងសម្រាប់ប្រជាជននៅប្រទេសដែលមានប្រាក់ចំណូលទាប? ចិនតែងតែមានទំនុកចិត្តធ្វើកិច្ចការទាំងអស់នេះ»។ នេះជាការបញ្ជាក់របស់ប្រមុខការទូតចិន៕
 

Tag:
 ចិន
  ខ្សែក្រវាត់ និងផ្លូវ
 ​​ វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com