សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ប៉ាន់ប្រមាណពីការកើនឡើងប្រាក់ចំណេញទ្វេដង
19, Oct 2023 , 6:29 pm        
រូបភាព
រូបភាព​ ៖ Xinhua
រូបភាព​ ៖ Xinhua
ក្រុមហ៊ុន​រថយន្តអគ្គិសនីចិន BYD ប៉ាន់ប្រមាណថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣ នឹងកើនដល់ចន្លោះពី ១,៣១ ទៅ ១,៥ពាន់លានដុល្លារដោយសារកំណើននៃការលក់ដ៏រឹងមាំ និងការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។

 
ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានប្រកាសនៅថ្ងៃទី ១៧ ខែតុលា ថា ទោះបីជាមានការប្រកួតកើនឡើងនៅក្នុងវិស័យរថយន្តនៅត្រីមាសទី៣នេះ​ ក៏ក្រុមហ៊ុននៅតែបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣នេះ ត្រូវបានរំពឹងថានឹងឈានដល់ចន្លោះ ៩,៥៥ ដល់ ១១,៥៥ពាន់លានយ័ន(១,៣១ ដល់ ១,៥ពាន់លានដុល្លារ)។
 
ចំនួននេះកើនឡើងចន្លោះ ៦៧ភាគរយដល់ ១០៧ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះគឺដោយសារតែក្រុមហ៊ុនទាញយកអត្ថប្រយោជន៍ពីឥទ្ធិពលម៉ាកយីហោដែលកំពុងកើនឡើង និងបង្កើនសមត្ថភាពគ្រប់គ្រងការចំណាយនៅគ្រប់ច្រវាក់ផ្គត់ផ្គង់។
 
ប្រាក់ចំណេញសុទ្ធសម្រាប់ ៩ខែឆ្នាំនេះ ត្រូវបានរំពឹងថានឹងកើនឡើងពី១២០ ដល់ ១៤០ភាគរយគិតជាទឹកប្រាក់ចន្លោះពី ២០,៥ ដល់ ២២,៥ពាន់លានយ័ន។ សម្រាប់​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុនតួលេខ​នេះ​មាន​ត្រឹម​តែ ៩,៣ ពាន់​លាន​យ័ន។
 
ការលក់រថយន្តឥន្ធនៈថ្មីរបស់ BYD មានការកើនខ្លាំងនៅត្រីមាសទីបីនេះ។ ទិន្នន័យរបស់ BYD បង្ហាញថា ក្រុមហ៊ុនបានលក់រថយន្តបានចំនួន ៨២៤ពាន់គ្រឿងកាលត្រីមាសមុន ដែលកើនឡើង ៥៣ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។
 
នៅឆមាសទី១ឆ្នាំនេះ BYD បាននាំមុខក្រុមហ៊ុន Tesla របស់អាម៉េរិក​ដែលក្លាយជាម៉ាករថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅសិង្ហបុរី ថៃ និងអ៊ីស្រាអែល។ ទន្ទឹមនេះ នូវែលសេឡង់ ម៉ូដែល BYD Atto 3 ជារថយន្តអគ្គិសនីដ៏ពេញនិយមបំផុត។
 
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce បានបង្ហាញថានៅខែសីហា BYD ថែមទាំងបាននាំមុខក្រុមហ៊ុន Ford ដោយកើនឡើងដល់ចំណាត់ថ្នាក់ទី៤ នៅក្នុងចំណែកទីផ្សារពិភពលោកជាមួយនឹងអត្រា ៤,៨ភាគរយ៕
 

Tag:
 BYD
  ចិន
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com