អន្តរជាតិ
លោកស៊ីថា ចិននឹងធ្វើការជាមួយអេហ្ស៊ីបដើម្បីថែរក្សាស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា
20, Oct 2023 , 9:29 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
ជាមួយស្ថានភាពក្ដៅជាថ្មីនៅមជ្ឈិមបូព៌ាដោយសារជម្លោះអ៊ីស្រាអែល-ហាម៉ាស ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៩ ខែតុលា បានលើកឡើងថា ចិន និងអេហ្ស៊ីប គួរតែធ្វើការជាមួយគ្នា ដើម្បីនាំស្ថិរភាពសម្រាប់តំបន់។ មេដឹកនាំចិន ក៏បានសាទរតួនាទីរបស់អេហ្ស៊ីប ក្នុងការកាត់បន្ថយជម្លោះនៅក្នុងតំបន់ផង។

 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៩ ខែតុលា បានជួបជាមួយនាយករដ្ឋមន្រ្តីអេហ្ស៊ីប លោក Mostafa Madbouli នៅក្នុងក្រុងប៉េកាំង ដោយបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច សុទ្ធតែជាប្រធានបទដែលមេដឹកនាំប្រទេសទាំងពីរលើកយកទៅពិភាក្សា។ 
 
«ចិន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប...និងចាក់បញ្ចូលភាពច្បាស់លាស់ រួមទាំងស្ថិរភាពបន្ថែមទៅក្នុងតំបន់ និងពិភពលោក»។ លោកស៊ី បានប្រាប់នាយករដ្ឋមន្រ្តីអេហ្ស៊ីបែបនេះ នៅថ្ងៃទី១៩ ខែតុលា ដោយបន្តថា ចិន គាំទ្រឱ្យមានដំណោះស្រាយរដ្ឋពីរ នៅក្នុងដែនដីប៉ាឡេស្ទីន ដើម្បីបញ្ជាក់ពីការរួមរស់ប្រកបដោយសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ 
 
បន្ថែមពីនេះ មេដឹកនាំចិន បានបន្តថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយក្រុងគែរ ដើម្បីការពារពីភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាធានាពីផលប្រយោជន៍រួមរវាងបណ្តាប្រទេសអភិវឌ្ឍ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទន្ទឹមនេះ លោកស៊ី បានអះអាងថា លោកសាទរពីតួនាទីដ៏សំខាន់របស់អេហ្ស៊ីប ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ និងគាំទ្រអេហ្ស៊ីប ក្នុងការបើកច្រកមនុស្សទៅក្នុងតំបន់កាហ្សា។ 
 
នៅក្នុងថ្ងៃទី១៨ ខែតុលា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានអះអាងថា ជំនួយមនុស្សធម៌នឹងចាប់ផ្តើមបញ្ជូនទៅឱ្យប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សាភាគខាងត្បូង ចាប់ពីថ្ងៃទី២០ ខែតុលា តាមច្រកRafah គ្រប់គ្រងដោយអេហ្ស៊ីប។ 
 
បើតាមប្រធានាធិបតីចិន វាពិតជាសំខាន់ណាស់ ក្នុងការបង្ការជម្លោះមិនឱ្យរីកធំឡើង ឬបាត់បង់ការគ្រប់គ្រង រួមទាំងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ ត្រង់ចំណុចនេះ លោកស៊ី បានអះអាងថា អាទិភាពសំខាន់បំផុត គឺបញ្ចប់សង្រ្គាម និងមានបទឈប់បាញ់ ឱ្យបានកាន់តែឆាប់រហ័ស។ 
 
បន្ថែមពីបញ្ហានៅមជ្ឈិមបូព៌ា មេដឹកនាំចិន ក៏បានអបអរអេហ្ស៊ីបផងដែរ ក្នុងការចូលរួមយន្តការកិច្ចសហប្រតិបត្តិការ BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ អេហ្ស៊ីប គ្រោងនឹងក្លាយជាសមាជិក BRICS នៅឆ្នាំក្រោយ។ 
 
ជាការឆ្លើយតប លោក Madbouli បានអះអាងថា អេហ្ស៊ីបសាទរចំពោះជំហររបស់ចិនលើបញ្ហាប៉ាឡេស្ទីន ហើយរំពឹងធ្វើការជាមួយចិននៅថ្ងៃខាងមុខ ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់។  
 
មកទល់ពេលនេះ កិច្ចចរចាលើបទឈប់បាញ់មិនទាន់មានឡើយ ខណៈសង្រ្គាមបានអូសបន្លាយលើសពី១០ថ្ងៃហើយ។ សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស កំពុងវិវដ្តទៅរកស្ថានភាពស្មុគស្មាញ និងមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដោយសារប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានភៀសខ្លួនពីភាគខាងជើង ឆ្ពោះទៅតំបន់ភាគខាងត្បូងកាហ្សា៕ 
 

Tag:
 ចិន
  អេហ្ស៊ីប
  អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com