ជាតិ
«សំបូរ» ដែលគេស្គាល់ថា «ដំរីវត្តភ្នំ» ដ៏ល្បីល្បាញ ស្លាប់ក្នុងអាយុ៦៣ឆ្នាំ ក្រោយចូលនិវត្តន៍បាន៩ឆ្នាំ
20, Oct 2023 , 8:27 am        
រូបភាព
សំបូរនាពេលបម្រើសេវាកម្មទេសចរណ៍នៅវត្តភ្នំ និងពេលស្លាប់នៅមណ្ឌលគិរី។ រូបថត EVP និងមន្ទីរទេសចរណ៍មណ្ឌលគិរី
សំបូរនាពេលបម្រើសេវាកម្មទេសចរណ៍នៅវត្តភ្នំ និងពេលស្លាប់នៅមណ្ឌលគិរី។ រូបថត EVP និងមន្ទីរទេសចរណ៍មណ្ឌលគិរី
ដោយ: រួបរួម
ដំរីញីឈ្មោះ «សំបូរ» ដែលគេស្គាល់ជាទីទូទៅថា «ដំរីវត្តភ្នំ» បានស្លាប់កាលពីថ្ងៃទី១៩ ខែតុលា ក្នុងអាយុ៦៣ឆ្នាំ ពោលគឺ៩ឆ្នាំក្រោយការចូលនិវត្តន៍ពីសេវាកម្មទេសចរណ៍។ បើតាមការបញ្ជាក់របស់គម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP) សំបូរបានស្លាប់ ដោយសារតែជំងឺធ្មេញ ហើយបានធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។



មុនចាកចេញទៅមណ្ឌលគិរី សំបូរបានរស់នៅជាច្រើន​ឆ្នាំជាមួយលោក ស៊ីន សន ដែលជាម្ចាស់ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារលោក អ៊ីម សុផល ដែលជាហ្មដំរី។ «យើងមានការនឹករលឹកសំបូរយ៉ាងខ្លាំង ជាពិសេសការនឹកស្រណោះចំពោះលោក សុផល ដែលហ្មដំរី ដែលធ្លាប់បានមើលថែរក្សាគេអស់រយៈពេលជាង២០ឆ្នាំ»។ នេះជាការលើកឡើងរបស់គម្រោង EVP ដែលកំពុងរៀបចំពិធីបុណ្យសពសំបូរ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នា​ថ្ងៃដែល​សំបូរ ចាកចេញទៅមណ្ឌលគិរី កាលពីថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៤ លោក ស៊ិន សន បានអះអាងថា សំបូរបានរស់នៅជាមួយក្រុមគ្រួសារលោកជាង៤០ឆ្នាំមកហើយ គឺចាប់តាំងពីសំបូរមានអាយុ៨ឆ្នាំមក។ ហើយរូបលោកគឺចាត់ទុកសំបូរដូចជាប្អូនស្រីបង្កើតរបស់ខ្លួន។ ចំពោះការសម្រេចចិត្តឲ្យសំបូរទៅរស់នៅមណ្ឌលគីរីនេះ គឺរូបលោកធ្វើទាំងបង្ខំចិត្តដោយសារតែរូបលោក និងគ្រួសារសុទ្ធតែមានជំងឺជាប់ខ្លួន នឹងមិនអាចមើលថែសំបូរបានដូចមុន។

បើតាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចាប់តាំងពីឆ្នាំ២០១៤មក សំបូររស់ក្រោមការមើលថែរបស់អង្គការថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕





© រក្សាសិទ្ធិដោយ thmeythmey.com