ជាតិ
សង្គមជាតិ
អង្គជំនុំជម្រះតុលាការកម្ពុជា នឹងផលិតវីដេអូឯកសារពីដំណើរការកាត់ក្ដីខ្មែរក្រហម
20, Oct 2023 , 10:09 am        
រូបភាព
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផលិតមតិកាអប់រំឌីជីថល វីដេអូខ្លី និងវីដេអូឯកសារ។ កិច្ចសហការនេះ មានគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្ស និស្សិត និងយុវជនជំនាន់ក្រោយ ដោយផ្អែកលើឯកសារពីដំណើរការកាត់ក្ដីខ្មែរក្រហមរបស់អ.វ.ត.ក ជាង១៦ឆ្នាំមកនេះ។



លោក ហែម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានអះអាងថា ដំណើរការកាត់ក្ដីលើសំណុំរឿងរបស់ អ.វ.ត.ក បានបន្សល់ទុកបណ្ណសារតុលា ចំនួន២៣៣ ៨៣៦ ឯកសារ ស្មើនឹង២,៤លានទំព័រ មាន៣ភាសា (ខ្មែរ,អង់គ្លេស និងបារាំង)។ ក្រៅពីនេះ ក៏មានវីដេអូ សវនាការជាង១ពាន់ម៉ោង និងជនរងគ្រោះនៃរបបខ្មែរក្រហម១១០០០នាក់។
 
«អ.វ.ត.ក ក៏បានបង្កើតឱ្យមានថ្នាលឌីជីថលគំរូមួយក្នុងការជួយសម្រួលដំណើរការកាត់សេចក្ដី និងការគ្រប់គ្រងសំណុំរឿងដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិក»។ នេះជាលើកឡើងរបស់លោក ហែម ក្រាញ់ តូនី ដែលបន្តថា ក្រោយបញ្ចប់សំណុំរឿងខ្មែរក្រហម អ.វ.ត.ក បានបង្កើតមជ្ឈមណ្ឌលធនធាន ដើម្បីលើកកម្ពស់កេរដំណែល ទាក់ទងនឹងដំណើរការកាត់ក្ដី និងបណ្ណសារ ដោយអាចអនុញ្ញាតឱ្យសាធារណជនស្រាវជ្រាវ និងស្វែងយល់ពីប្រវត្តិសាស្រ្តរបស់កម្ពុជា។

លោក ហែម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) 
 
លោក ក្រាញ់ តូនី រំពឹងថា​ កិច្ចសហការនេះ នឹងក្លាយជាផ្នែកមួយជួយកសាងសមត្ថភាព​ និងផ្ដល់សេវាសាធារណៈ តាមរយៈបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាល ឱ្យមានគុណភាព​។
 
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចូលរួមជាធិបតីក្នុងពិធីចុះហត្ថលេខាសហការរវាងអ.វ.ត.ក និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) នៅថ្ងៃទី១៩ ខែតុលានេះផងដែរ។ លោក ពុទ្ធិវុធ យល់ថា កិច្ចសហការរវាងអង្គភាពទាំង២ ដែលផ្តោតលើការផលិតមាតិកាឌីជីថល និងឯកសារវីដេអូ ពាក់ព័ន្ធនឹងការកាត់ក្ដីមេដឹកនាំខ្មែរក្រហម នឹងជំរុញការយល់ដឹងពីគុណតម្លៃនៃការបង្កើតអ.វ.ត.ក ដែលផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
 
លោក សុខ ពុទ្ធិវុធ មានជំនឿចិត្តថា កិច្ចសហការនេះនឹងអាចជាប្រយោជន៍ដល់យុវជនជំនាន់។ «ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងនាំមកជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ ឱ្យចងចាំពីប្រវត្តិសាស្រ្តរបបខ្មែរក្រហមដ៏ខ្មៅងងឹត ដំណើរការនៃការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះផងដែរ»។ នេះជាការលើកឡើងរបស់លោក សុខ ពុទ្ធិវុធ៕
 



3 លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 





Tag:
 អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
 MOU
© រក្សាសិទ្ធិដោយ thmeythmey.com