អន្តរជាតិ
លោកបៃឌិន ប្រដូចក្រុមហាម៉ាសនឹងលោកពូទីន ដែលចង់បំផ្លាញប្រជាធិបតេយ្យប្រទេសជិតខាង
20, Oct 2023 , 10:35 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រដូចក្រុមហាម៉ាសនឹងលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលចង់លុបបំបាត់ចោលប្រជាធិបតេយ្យរបស់ប្រទេសជិតខាង។ ពីសេតវិមានអាម៉េរិក លោកបៃឌិន បានប្តេជ្ញាមិនឱ្យក្រុមភេរវកម្មដូចហាម៉ាស និងជនប្រើអំណាចផ្តាច់ការដូចពូទីន ឈ្នះសង្រ្គាមឡើយ។

 
រយៈពេល២សប្តាហ៍ហើយ ជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល នៅតែបន្ត។ អ៊ីស្រាអែល នៅតែបន្តវាយប្រហារតាមផ្លូវអាកាសលើតំបន់កាហ្សា ខណៈប្រជាជនប៉ាឡេស្ទីនជាច្រើនម៉ឺននាក់ នៅក្នុងតំបន់នោះ បានភៀសខ្លួនទៅតំបន់ភាគខាងត្បូងដើម្បីរកកន្លែងសុវត្ថិភាព។ 
 
ពីសេតវិមាន លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុងការស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុពីសភាអាម៉េរិក ដើម្បីជួយអ៊ីស្រាអែល និងអ៊ុយក្រែន សម្រាប់សង្រ្គាមប្រឆាំងរុស្ស៊ី និងក្រុមហាម៉ាស។ ក្នុងសុន្ទរកថា នៅថ្ងៃទី១៩ ខែតុលា លោកបៃឌិន បានប្រដូចក្រុមហាម៉ាស នឹងលោកពូទីន។ 
 
«ក្រុមហាម៉ាស និងលោកពូទីន តំណាងការគំរាមខុសៗគ្នា។ ប៉ុន្តែពួកគេមានការគំរាមកំហែងដូចគ្នា។ ពួកគេចង់លុបបំបាត់ទាំងស្រុងលើប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង»។ មេដឹកនាំអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តប្តេជ្ញាមិនឱ្យក្រុមភេរវកម្មដូចក្រុមហាម៉ាស និងលោកពូទីន ឈ្នះនៅក្នុងសង្រ្គាមឡើយ។ 
 
បន្ថែមពីនេះ មេដឹកនាំអាម៉េរិក បានព្រមានថា ប្រសិនបើពិភពលោកបន្តឱ្យការឈ្លានពានកើតឡើង វានឹងធ្វើឱ្យជម្លោះ និងភាពវឹកវរកើតឡើងនៅមួយផ្នែករបស់ផែនដី។ 
 
លោកបៃឌិន នឹងថ្លែងនៅក្នុងសភាដើម្បីស្នើសុំកញ្ចប់ជំនួយបន្ទាន់ទំហំ ១០០ពាន់លានដុល្លារ។ មួយផ្នែកនៃកញ្ចប់ជំនួយនោះ ជាការផ្តល់ការគាំទ្រទៅអ៊ុយក្រែន ហើយមួយផ្នែកផ្សេងទៀត គឺសម្រាប់អ៊ីស្រាអែល សម្រាប់ប្រឆាំងក្រុមហាម៉ាស។ 
 
បើតាមលោកបៃឌិន សន្តិសុខជាតិអាម៉េរិក ចាំបាច់ត្រូវតែមានការគាំទ្រដៃគូសំខាន់ៗដូចជាអ៊ីស្រាអែលជាដើម។ ត្រង់ចំណុចនេះ ប្រធានាធិបតីអាម៉េរិក បានចាត់ទុកជំនួយរបស់ខ្លួនជាការវិនិយោគ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាម៉េរិកជាច្រើនជំនាន់ពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិ។ 
 
ការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក ធ្វើឡើងក្រោយលោកបានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ លោកបៃឌិន ជាប្រធានាធិបតីអាម៉េរិកទីមួយ ដែលធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងពេលមានសង្រ្គាម។ បន្ថែមពីនេះ លោកបៃឌិន បានប្តេជ្ញាជួយអ៊ីស្រាអែលការពារខ្លួនប្រឆាំងនឹងក្រុមហាម៉ាសផង។ 
 
ទោះប្រឆាំងនឹងក្រុមហាម៉ាសក៏ដោយ ប្រធានាធិបតីអាម៉េរិកកន្លងមក បានអំពាវនាវឱ្យអ៊ីស្រាអែលមានការប្រុងប្រយ័ត្ន ដើម្បីការពារអាយុជីវិតរបស់ប្រជាជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា។ នៅអ៊ីស្រាអែល មេដឹកនាំអាម៉េរិករូបនេះ បានអះអាងថា ជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សាភាគខាងត្បូង អាចចាប់ផ្តើមយ៉ាងឆាប់បំផុតត្រឹមថ្ងៃទី២០ ខែតុលា តាមច្រកព្រំដែន Rafah ដែលគ្រប់គ្រងដោយអេហ្ស៊ីប។ 
 
ជាមួយគ្នានេះ លទ្ធភាពដែលអ៊ីស្រាអែល អាចបើកប្រតិបត្តិការយោធាផ្លូវគោកលើតំបន់កាហ្សា គឺមានកាន់តែខ្ពស់ឡើង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters យោធាអ៊ីស្រាអែល បានពង្រាយទ័ព និងសម្ភារយោធាដ៏ច្រើនសន្ធឹកនៅក្បែរព្រំដែនអ៊ីស្រាអែលជាមួយកាហ្សា។
 
ជុំវិញបញ្ហានេះ លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល នៅថ្ងៃទី១៩ ខែតុលា បានលើកឡើងថា ពេលនេះយោធាអាចឃើញតំបន់កាហ្សាពីចម្ងាយ ហើយក្នុងពេលដ៏ឆាប់បន្តិចទៀត នឹងឃើញវាពីខាងក្នុងម្តង។ 
 
បើគិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក អ៊ីស្រាអែល វាយប្រហារលើតំបន់កាហ្សាតែតាមផ្លូវអាកាសប៉ុណ្ណោះ៕ 

Tag:
 អាម៉េរិក
  ហាម៉ាស
  រុស្ស៊ី
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com