អន្តរជាតិ
ជប៉ុន​ អញ្ជើញ​អូស្ត្រាលី​ឱ្យ​ចូលរួម​សមយុទ្ធ​យោធា​ចំនួន​ពីរជា​លើក​ដំបូងជាមួយអាម៉េរិក
20, Oct 2023 , 2:02 pm        
រូបភាព
ជប៉ុន បានអញ្ជើញអូស្ត្រាលីឱ្យចូលរួមសមយុទ្ធ យោធាចំនួនពីរដែលនឹងធ្វើឡើងជាមួយអាម៉េរិក។ នេះជាលើកដំបូងដែលជប៉ុនអញ្ជើញអូស្ត្រាលីចូលរួមក្នុងសមយុទ្ធជាមួយអាម៉េរិក។

 
រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara បាននិយាយនៅថ្ងៃទី១៩ ខែតុលា ថា លោកបានពិភាក្សាអំពីការចូលរួមរបស់អូស្ត្រាលីនៅក្នុងសមយុទ្ធជាមួយអាម៉េរិក អំឡុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ដែលធ្វើទស្សនកិច្ចនៅតូក្យូ។
 
សមយុទ្ធលើកដំបូងក្នុងខែវិច្ឆិកាឈ្មោះ យ៉ាម៉ា សាគូរ៉ា នឹងធ្វើឡើងជាមួយកងកម្លាំង ស្វ័យការពាររបស់ជប៉ុន (SDF) និងកងទ័ពអាម៉េរិក។ សមយុទ្ធលើកទីពីរឈ្មោះ Keen Edge គ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ ២០២៤ ហើយចូលរួមដោយយោធាជប៉ុន និងទាហានម៉ារីនអាម៉េរិក។
 
«យើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអូស្ត្រាលី។ គោលដៅរបស់យើងគឺនៅពេលមានអាសន្ន យើងអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា»។ លោក Kihara បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបែបនេះ។
 
ប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍរួមគ្នាគ្រឿងបរិក្ខារសម្រាប់ការការពារផ្នែកសន្ដិសុខផងដែរ។ លោក​ Marles បានស្វាគមន៍ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធរបស់អូស្ត្រាលីជាមួយជប៉ុន។
 
លោក Marles បញ្ជាក់ផងដែរថា មិនមានប្រទេសណាមួយដែលបានតម្រឹមយុទ្ធសាស្ត្រ ល្អប្រសើរជាងជប៉ុននោះទេ។ ប្រមុខការពារជាតិអូស្ត្រាលីរូបនេះ កត់សម្គាល់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាសម្ព័ន្ធមិត្តរបស់អាម៉េរិកដូចគ្នា ហើយជួបប្រទះទំនាក់ទំនងស្មុគ្រស្មាញជាមួយចិនដូចគ្នាផងដែរ។
 
គួរបញ្ជាក់ថា ទាំងជប៉ុន​និង​អូស្ត្រាលី​ បារម្ភ​អំពី​អំណាច​យោធា​របស់​ចិន​ដែល​កំពុង​កើនឡើង​ក្នុង​តំបន់ ក៏ដូចជាលទ្ធភាព​​វាយ​ប្រហារ​ដែល​អាច​កើត​ឡើង​ដោយ​ក្រុង​ប៉េកាំង​ដើម្បីគ្រប់គ្រង​តៃវ៉ាន់៕
 

Tag:
 ជប៉ុន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com