កីឡាជាតិ
ជាតិ
ជឺជិតស៊ូកម្ពុជា យកការប្រកួត AFG Open ដើម្បីត្រៀមខ្លួន ទៅស៊ីហ្គេម និងម្ចាស់ផ្ទះកីឡាយុវជនអាស៊ី Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និងជាគ្រូបង្វឹក រូបពីសហព័ន្ធជឺជិតស៊ូ
× សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា នឹងបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍ AFG Open ដែលជាការប្រកួតកីឡាជឺជិតស៊ូ ដ៏ធំនៅប្រទេសថៃ។ លោក Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និងជាគ្រូបង្វឹកបញ្ជាក់ថា ការដឹកនាំកីឡាករ-កីឡាការិនីកីឡាជឺជិតស៊ូ ចូលរួមការប្រកួតដ៏ធំនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣៣ នៅថៃ, កីឡាអាស៊ីលើកទី២០ នៅជប៉ុន និងត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
កម្ពុជា បានបញ្ជូនអត្ដពលិក១៦នាក់ ដើម្បីចូលរួមប្រកួត AFG Open ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២១-២២ ខែតុលា ដោយមាន៤៤ ប្រទេសចូលរួម ដោយក្នុងនោះអត្តពលិកសរុបប្រមាណ ៩០០នាក់។
ក្នុងការដឹកនាំកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមប្រកួតកីឡាជឺជិតស៊ូនេះ លោក Jasper Martijn Paas បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា៖«អត្តពលិករបស់យើងដែលភាគច្រើនជាកីឡាករមានបទពិសោធន៍ល្អធ្លាប់ចូលរួមប្រកួតច្រើនដងពីមុនមក ក៏ដូចជាផ្តល់ឱកាសដល់កីឡាករពន្លកថ្មីចូលរួមការប្រកួតដំបូងដើម្បីទទួលបានបទពិសោធន៍លើឆាកអន្តរជាតិ ក្នុងនោះផងដែរយើងក៏មានកុមារកម្ពុជាចំនួន ៦នាក់ដែលមានអាយុពី ១០ ទៅ ១២ឆ្នាំចូលរួមប្រកួតផងដែរ។»។
អនុប្រធានរូបនេះ បន្ថែមទៀតថា ការចេញទៅប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា គឺជាការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ធំៗ ក្នុងតំបន់ និងក្នុងទ្វីប។ លោក Jasper Martijn Paas ប្រាប់ថា ការប្រកួតនេះគឺជាផ្នែកមួយនៃផែនការ ដើម្បីត្រៀមខ្លួនដើម្បីឆ្ពោះទៅរកលទ្ធផលល្អក្នុងការប្រកួតSea Games ឆ្នាំ 2025 ,Asian Games ឆ្នាំ2026 និង Youth Asian Games ឆ្នាំ2029 (ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩)។
តាមការបញ្ជាក់របស់លោក Jasper Martijn Paas កីឡាករ-កីឡាការិនីទាំង ១៦ រូបនោះ មាន ៩រូប ជាកីឡាករថ្នាល។ អត្ដពលិកកម្ពុជា ១៦នាក់ មាន៖ កីឡាករ កាំង ម៉េងឃាង, សំអុន បូរមី, គីម កែវមង្គល, សៅ សុភារ៉ា, មឿនលីម សុបញ្ញា, ហួរ សេងហុង និងកីឡាការិនី រិទ្ធ រស្មី។ ចំណែកកីឡាករ-កីឡាការិនីថ្នាល មាន៖ កុមារា ឡេង ច័ន្ទសេរីបុត្រ, កុមារា Adam Sosnowiez Sem, Kai Han Yi Remoy old, Nicholas Yi Remoy, Arthur Besant, Jadon Te, ថាយ អេលី, កុមារី Isabella Chan Wilford និងកុមារី ថាយ សាណា៕
© រក្សាសិទ្ធិដោយ thmeythmey.com