ជាតិ
គ្រប់គ្នាសោកស្តាយចំពោះការបាត់បង់ជីវិត ដំរីសំបូរ!
20, Oct 2023 , 3:45 pm        
រូបភាព
USAID Cambodia ចាត់ទុក​ដំរីសំបូរនៃវិស័យទេសចរណ៍
USAID Cambodia ចាត់ទុក​ដំរីសំបូរនៃវិស័យទេសចរណ៍
ដោយ: រួបរួម
មិនស្គាល់សំបូរ ដូចមិនស្គាល់វត្តភ្នំយ៉ាងដូច្នោះដែរ! នេះជាពាក្យដែលគេតែងនិយាយកាលពី១០ទៅជាង២០ឆ្នាំមុន។ វាជាការទទួលស្គាល់តម្លៃរបស់ដំរីសំបូរដែលបានរួមចំណែកក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ។ រូបថត និងវីដេអូអនុស្សាវរីយ៍ ជាមួយអារម្មណ៍សោកស្តាយត្រូវបានបង្ហោះឡើងជាបន្តបន្ទាប់ ក្រោយដំណឹងមរណភាពរបស់អតីតដំរីញីទេសចរណ៍ដ៏ល្បីល្បាញមួយក្បាលនេះ។



«ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេសជាច្រើនចងចាំអនុស្សាវរីយ៍ល្អៗជាមួយសំបូរ ព្រោះវាបានបម្រើវិស័យទេសចរណ៍ក្នុងស្រុកអស់រយៈពេលជាច្រើនឆ្នាំរហូតដល់ចូលនិវត្តន៍»។ នេះជាការលើកឡើងរបស់ទីភ្នាក់ងារជំនួយអាម៉េរិក USAID ដែលបានជួយផ្លាស់ទីសំបូរពីភ្នំពេញទៅរស់ក្នុងបរិយាកាសបៃតងនៅខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០១៤។



USAID ចាត់ទុកសំបូរជាវីរជននៃវិស័យទេសចរណ៍ ហើយបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង ក្រោយដំណឹងមរណភាពដែលប្រកាសដោយគម្រោងជ្រលងភ្នំដំរី (Elephant Valley Project) ។ បើតាម EVP សំបូរ បានបាត់បង់ជីវិតកាលពីថ្ងៃទី១៩ ខែតុលា ក្នុងអាយុ៦៣ឆ្នាំ ដោយសារឆ្លងមេរោគធ្មេញ ហើយបណ្តាលឱ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។

ដូចគ្នាផងដែរ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia) ជឿជាក់ថារឿងរ៉ាវរបស់សំបូរ នឹងជំរុញទឹកចិត្តដល់មនុស្សកាន់តែច្រើនបន្ថែមទៀតឱ្យគោរព និងការពារសត្វដំរី និងជម្រករបស់ពួកវា។ WCS បានសរសេរថា៖ «យើងសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះមនុស្សគ្រប់រូបដែលបានស្គាល់ និងស្រឡាញ់សំបូរ»។



ទាំងពលរដ្ឋខ្មែរ និងជនបរទេស ជាពិសេសអ្នកដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយសំបូរនៅរមណីយដ្ឋានទេសចរណ៍វត្តភ្នំ បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ដំរីដ៏ល្បីល្បាញមួយនេះ។ ម្ចាស់គណនីហ្វេសប៊ុកមួយ បានសរសេរថា៖ «សូមសំបូរ ឈានទៅកាន់សុគតិភព! បើអាចសូមចាប់ជាតិកើតជាមនុស្ស»។ «សារបានរបស់ដំរីនេះ គួរតែត្រូវបានទទួលគ្រឿងឥស្សរិយយស ណាមួយឱ្យសក្តិសម»។ អ្នកអានម្នាក់បានសរសេរការបញ្ចេញមតិរបស់ខ្លួននៅលើទំព័រហ្វេសប៊ុក ThmeyThmey។

គម្រោងជ្រលងភ្នំដំរី (EVP) គឺជាគម្រោងទេសចរណ៍ធម្មជាតិមួយរបស់អង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅកិច្ចផ្តួចផ្តើម និងបរិស្ថាន (ELIE) ដែលមានបេសកកម្មធ្វើឱ្យប្រសើរឡើងដល់សុខភាព និងសុខមាលភាពរបស់សត្វដំរីចិញ្ចឹម អភិរក្សទីជម្រកធម្មជាតិរបស់ដំរីព្រៃ និងគាំទ្រសហគមន៍មូលដ្ឋានដែលធ្វើការងារជិតស្និទ្ធជាមួយសត្វដំរីទាំងនេះ។

សម្រាប់ EVP វាជារឿងដែលមិនអាចប្រកែកបានដែលថា សំបូរជាដំរីដ៏ល្បីល្បាញជាងគេបំផុតនៅកម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំ សំបូរ បានបម្រើដល់វិស័យទេសចរណ៍នៅវត្តភ្នំ ដែលជាបេះដូងនៃរាជធានីភ្នំពេញ។



សំបូរ ត្រូវបានឪពុករបស់លោក ស៊ិន សន ទាក់បាននៅភ្នំឱរ៉ាល់ កាលពីសម័យសង្គមរាស្ត្រនិយម តាំងពីពេលវាមានអាយុត្រឹម៨ឆ្នាំ។ ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ស៊ិន សន បានឆ្លងកាត់កុមារភាពជាមួយសំបូរ ដែលលោកបានចាត់ទុកដូចជាប្អូនស្រី ព្រោះលោកមានអាយុលើសតែ៣ឆ្នាំប៉ុណ្ណោះ។

ក្រោយបែកគ្នានៅសម័យខ្មែរក្រហម លោក ស៊ិន សន បានតាមរកឃើញសំបូរឡើងវិញ ហើយបានយកវាទៅចិញ្ចឹម និងបម្រើសេវាកម្មទេសចរណ៍កម្សាន្តនៅបរិវេណរមណីយដ្ឋានវត្តភ្ន ចាប់តាំងពីទសវត្សរ៍១៩៨០មក។ លោក សន បានបញ្ជាក់ប្រាប់ VOA ថា ដំរីនេះ អាចរកចំណូលជាមធ្យម២០ដុល្លារអាមេរិកជារៀងរាល់ថ្ងៃសម្រាប់លោក។

នៅឆ្នាំ២០១២ សំបូរបានចូលនិវត្តន៍ពីសេវាកម្មដឹកភ្ញៀវទេសចរ ហើយត្រូវបានរក្សាទុកនៅអង្គការអភិរក្សមួយក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រហូតដល់ដល់ឆ្នាំ២០១៤ ក្រុមគ្រួសារលោក ស៊ិន សន បានសម្រេចចិត្តទាំងអាល័យក្នុងការបញ្ជូនសំបូរទៅរស់នៅជាមួយ EVP នៃអង្គការ ELIE នាខេត្តមណ្ឌលគិរី។

ការសម្រេចចិត្តនេះគឺ លោក ស៊ិន សនធ្វើទាំងបង្ខំចិត្តដោយសារតែរូបលោក និងគ្រួសារសុទ្ធតែមានជំងឺជាប់ខ្លួន នឹងមិនអាចមើលថែសំបូរបានដូចមុន។ អ្នកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសំបូរម្នាក់ទៀតនោះ គឺលោក អ៊ីម សុផល ដែលជាហ្មដំរី។ គម្រោង EVP ក៏នឹករលឹកដល់គុណរបស់លោក សុផល និងក្រុមគ្រួសារផងដែរ ដែលបានចំណាយពេលមើលថែទាំ សំបូរ យ៉ាងដិតដល់អស់រយៈពេលជាច្រើនឆ្នាំ។

ជិត១០ឆ្នាំនៃវិលទៅរកជីវិតក្នុងធម្មជាតិវិញ សំបូរ ក៏ដូចជាដំរីផ្សេងទៀត ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារនៃគម្រោង EVP ក៏ដូចជាអង្គការ ELIE ផ្ទាល់ តាមរយៈការរៀបចំសេវាកម្មទេសចរណ៍ ក៏ដូចជាព្រឹត្តិការណ៍សប្បុរសធម៌ផ្សេងៗ។

នារយៈពេល១ខែចុងក្រោយនេះ EVP បានបង្ហោះព័ត៌មានជាបន្តបន្ទាប់អំពីសុខភាពដ៏ចុះខ្សោយរបស់ សំបូរ និងដំរីមួយក្បាលទៀត ឈ្មោះ GeeNowl ក្នុងចំណោមដំរី១២ក្បាលក្រោមការថែទាំរបស់ខ្លួន។ ជាអកុសល្យ ការតស៊ូរប្រយុទ្ធរបស់សំបូរ តទល់ជាមួយនឹងជំងឺមេរោគធ្មេញ ឈានដល់ទីបញ្ចប់ ហើយនាងបានបាត់បង់ជីវិតក្នុងអាយុ៦៣ឆ្នាំ កាលពីថ្ងៃទី១៩ ខែតុលា។

អង្គការ ELIE រៀបចំពិធីបុណ្យសពសំបូរ តាមបែបខ្មែរ និងតាមប្រពៃណីជនជាតិដើមភាគតិចព្នង នាព្រឹកថ្ងៃទី២០ ខែតុលា។ សូម វិញ្ញាណក្ខន្ធសំបូរទៅកាន់សុគតិភព!


© រក្សាសិទ្ធិដោយ thmeythmey.com