កីឡាអន្តរជាតិ
អន្តរជាតិ
UEFA៖ ជំនួបរវាងបែលហ្ស៊ិក-ស៊ុយអែតដែលផ្អាកកណ្តាលទី ត្រូវចាត់ទុកលទ្ធផលស្មើគ្នា
20, Oct 2023 , 8:19 pm        
រូបភាព
ការប្រកួតដែលត្រូវផ្អាកកណ្តាលទីរវាងក្រុមបែលហ្ស៊ិកទល់នឹងក្រុមស៊ុយអែត ក្រោយពេលមានការបាញ់ប្រហារសម្លាប់អ្នកគាំទ្រស៊ុយអែត ២នាក់ អំឡុងជំនួបវគ្គជម្រុះពានរង្វាន់ UEFA Euro 2024 ក្នុងទីក្រុងប្រ៊ុចសែល នឹងត្រូវចាត់ទុកលទ្ធផលស្មើគ្នា ពោលគឺគ្មានការប្រកួតឡើងវិញឡើយ។



សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី១៩ ខែតុលា អះអាងថាគណៈកម្មាធិការប្រតិបត្តិស្ថាប័នបាល់ទាត់អឺរ៉ុប បានសម្រេចចិត្តបញ្ចប់ការប្រកួតទាំងស្រុងដោយគ្មានការធ្វើឡើងវិញឡើយ រវាងបែលសហ្ស៊ិក និងស៊ុយអែត ដោយគ្រាប់បាល់ស្មើ ១-១ នៅវគ្គទី១ នឹងត្រូវចាត់ទុកជាទ្ធផលស្មើគ្នាតែម្តងនៅក្នុងជំនួបពូល F។
 
«ដើម្បីអាចឈានដល់ការសម្រេចចិត្តនេះ គណៈកម្មាធិការប្រតិបត្តិបានកត់សម្គាល់ថា វាមិនអាចទៅរួចក្នុងការរៀបចំការប្រកួតដែលនៅសល់ សម្រាប់ធ្វើឡើងវិញនៅថ្ងៃខាងមុខ។ ទាំង ២ សហព័ន្ធនៃប្រទេសបែលហ្ស៊ុក និងស៊ុយអែត បានបង្ហាញយ៉ាងច្បាស់ពីបំណងរបស់ពួកគេក្នុងការមិនលេងម៉ោងបង្រ្គប់ដែលនៅសល់ និងពិចារណាលទ្ធផលដែលលេងបានពាក់កណ្តាលវគ្គលទ្ធផល ១-១ ជាលទ្ធផលប្រកួតចុងក្រោយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA។
 
ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយភាពមិនស្មុគស្មាញជាងអ្វីដែលអាចកើតមាន ខណៈប្រទេសបែលហ្ស៊ិកជាក្រុមដែលឈ្នះកៅអីរួចសម្រេចទៅកាន់ជុំផ្តាច់ព្រ័ត្រ Euro 2024 នៅប្រទេសអាល្លឺម៉ង់ ចំណែកស៊ុយអែតត្រូវរង់ចាំការប្រកួតបន្តទៀត។
 
បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់អ្នកគាំទ្រស៊ុយអែតចំនួន ២នាក់ ប្រទេសបែលហ្ស៊ុិកបានបង្កើនស្ថានភាពប្រកាសអាសន្នផ្នែកសន្តិសុខនៃរដ្ឋធានីរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត។ បុរសដែលបាញ់ប្រហារត្រូវបានកំណត់អត្តសញ្ញាណថាជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហើយបុរសនោះក៏ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីប៉ូលិសក្នុងទីក្រុងប្រ៊ុចសែលក្នុងថ្ងៃដដែល។ អ្នកគាំទ្រស៊ុយអែតជាង ៤០០នាក់ និងក្រុមកីឡាករស៊ុយអែតបានជាប់គាំងក្នុងកីឡដ្ឋានរយៈពេលជិត ១០ម៉ោង។
 
ការបាញ់ប្រហារបានធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៃអំពើភេរវកម្មទាំងក្នុងប្រទេសបែលហ្ស៊ិក ក៏ដូចជាប្រទេសក្នុងតំបន់អឺរ៉ុប និងពិភពលោក បន្ទាប់ពីមានបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ចាប់តាំងពីថ្ងៃទី៧ ខែតុលា៕
 

Tag:
 UEFA
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com