កីឡាអន្តរជាតិ
អន្តរជាតិ
​កូរ៉េខាងជើង ដកខ្លួនពីការប្រកួតអាស៊ីប៉ារ៉ាហ្គេម ជុំវិញបម្រាមប្រើទង់ជាតិ
20, Oct 2023 , 4:59 pm        
រូបភាព
កូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ក្នុងទីក្រុងហាងចូវ ប្រទេសចិន បន្ទាប់ពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) បានបដិសេធមិនឱ្យកូរ៉េខាងជើងប្រើទង់ជាតិខ្លួនក្នុងព្រឹត្តិការណ៍នេះ។ បម្រាមរបស់ APC ធ្វើឡើងព្រោះតែប្រទេសឯកោមួយនេះមិនបានអនុលោមតាមបទប្បញ្ញាតិប្រឆាំងសារធាតុហាមឃាត់សកល (Doping)។



«ខ្ញុំអាចបញ្ជាក់បានថាគណៈកម្មាធិការប៉ារ៉ារបស់កូរ៉េខាងជើងបានដកខ្លួនចេញពីការប្រកួតហើយ។»។ នេះបើតាមសម្តីអ្នកនាំពាក្យអ្នករៀបចំការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម បានប្រាប់ទៅកាន់សារព័ត៌មានកូរ៉េខាងត្បូង JoongAng Daily កាលពីថ្ងៃទី១៨ ខែតុលា។
 
បើតាមការអះអាងរបស់អ្នកនាំពាក្យដដែល ការសម្រេចចិត្តរបស់កូរ៉េខាងជើង គឺកើតឡើងបន្ទាប់ពីគណៈកម្មាធិកាប៉ារ៉ាឡាំពិកអាស៊ី បានកំណត់ហាមឃាត់លើការប្រើប្រាស់ទង់ជាតិរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ដោយសារប្រទេសនេះមិនគោរពតាមគោលការរបស់ WADA។
 
ប្រទេសកូរ៉េខាងជើងត្រូវបានប្រកាសថាមិនបានអនុលោមតាមទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) កាលពីខែតុលា ឆ្នាំ ២០២១ ដោយសារតែខ្វះតម្លាភាព ឬការត្រួតពិនិត្យខាងក្រៅរបស់សមាគមប្រឆាំងសារធាតុញៀនកូរ៉េខាងជើង។ ជាលទ្ធផលកូរ៉េខាងជើងត្រូវបានហាមប្រាមមិនឱ្យមានការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាធំៗផ្សេងទៀតក្រៅពីកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។
 
ចំណែកសម្រាប់គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី តម្រូវឱ្យអនុវត្តតាមទណ្ឌកម្មរបស់ស្ថាប័ន WADA ចំពោះកូរ៉េខាងជើង។
 
ប្រទេសកូរ៉េខាងជើងបានចូលរួមប្រកួតនៅក្នុងកីឡាអាស៊ី​ Asian Games លើកទី១៩ នៅក្នុងទីក្រុងហាងចូវ ដែលបញ្ចប់ទៅថ្មីៗនេះ បើទោះជាមានការដាក់ទណ្ឌកម្មនោះក៏ដោយ។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) មិនបានអើពើចំពោះបម្រាម ឬទណ្ឌកម្មរបស់ WADA ឡើយ ដោយស្ថាប័ន OCA បានអនុញ្ញាតឱ្យកូរ៉េខាងជើងប្រកួតប្រជែងដោយប្រើប្រាស់ទង់ជាតិរបស់ខ្លួនក្នុងកីឡាអាស៊ីនៅចិន។ ស្ថាប័ន OCA ក៏មានទំនាក់ទំនង និងបានចុះកិច្ចព្រមព្រៀងជាមួយនឹង WADA ផងដែរ។
 
ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ក្នុងហាងចូវ នឹងត្រូវចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២២ ខែតុលា តទៅ ស្របពេលប្រភេទកីឡាមួយចំនួនដូចជា បាល់បោះជិះរទេះ កីឡាវាយសី ប៊ូស្យា និងចោលកូនបាល់ ត្រូវចាប់ផ្តើមការប្រកួតមុនពីថ្ងៃទី១៩ ខែតុលា ហើយការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២៨ ខែតុលា៕
 

Tag:
 អាស៊ីប៉ារ៉ាហ្គេម
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com