អន្តរជាតិ
រុស្ស៊ីថា ខ្លួនកំពុងសម្របសម្រួលគោលនយោបាយមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងជាមួយចិន
20, Oct 2023 , 5:29 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Mikhail Bogdanov
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Mikhail Bogdanov
រុស្ស៊ី កំពុងសម្របសម្រួលគោលនយោបាយមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ខ្លួនជាមួយចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ស្របពេលដែលស្ថានភាពក្នុងតំបន់ដែលហែកហួរដោយជម្លោះមួយនេះកាន់តែយ៉ាប់យ៉ឺន។

 
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov បានជួបពិភាក្សាជាមួយបេសកជនពិសេសរបស់ចិនសម្រាប់តំបន់មជ្ឈិមបូព៌ា Zhai Jun នៅថ្ងៃទី១៩ ខែតុលានៅក្នុងទីក្រុង ដូតា កាតា ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាជុំវិញជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ 
 
«ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបញ្ជាក់ជាមួយគ្នាលើការសម្របសម្រួលអំពីកិច្ចខិតខំប្រឹងប្រែងជុំវិញផលប្រយោជន៍នៃដំណោះស្រាយនយោបាយលើបញ្ហាដែលកំពុងកើតឡើងនេះ និងវិបត្តិផ្សេងៗទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីសរសេរបែបនេះ។ 
 
ចំណែកលោក Zhai ក៏បានបង្ហាញពីភាពសោកស្ដាយរបស់ចិនចំពោះជនស៊ីវិលដែលរងគ្រោះ និងវិបត្តិមនុស្សធម៌។ ប្រេសិតចិន ក៏បានបញ្ជាក់ពីការត្រៀមមខ្លួនរួចជាស្រេចក្នុងការដើរតួនាទីវិជ្ជមានបន្តកិច្ចចរចាសន្តិភាពប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចជាការអនុវត្តពិតប្រាកដនៃដំណោះស្រាយរដ្ឋពីរ។
 
នៅក្នុងការពិភាក្សាជាមួយលោក Mikhail បេសកជនរូបនេះក៏បានបញ្ជាក់ថាចិន និងរុស្ស៊ីមានជំហរដូចគ្នាលើបញ្ហាប៉ាឡេស្ទីននេះផងដែរ។ 
 
ជុំវិញបញ្ហដែលកំពុងតែកើតឡើងនេះ ទីក្រុងមូស្គូក៏បានព្យាយាមទម្លាក់កំហុសមួយចំនួនទៅកាន់អាម៉េរិកដែលបានប្រឆាំងនឹងការដែលរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២។ 
 
រុស្ស៊ីក៏ព្យាយាមបោះដៃចូលដោះស្រាយវិបត្តិចុងក្រោយនេះដែរ។ ប៉ុន្តែសេចក្តីសម្រេចដែលព្រាងដោយរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមានការឈប់បាញ់នៅហ្គាហ្សា រួមជាមួយនឹងការដោះលែងចំណាប់ខ្មាំង ការទទួលយកជំនួយមនុស្សធម៌ និងការជម្លៀសជនស៊ីវិលដែលត្រូវការជំនួយដោយសុវត្ថិភាព មិនអាចឆ្លងក្រុមប្រឹក្សាសន្តិសុខឡើយនាកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែតុលាដោយសារ អាម៉េរិក អង់គ្លេស បារាំង និងជប៉ុនបោះឆ្នោតប្រឆាំង។
 
ស្ថានភាពពេលនេះ ប្រមុខការពារជាតិអ៊ីស្រាអែលបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនត្រៀមខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធមួយនេះ ខណៈពេលដែរប្រធានាធិបតីអាម៉េរិក ចូ បៃឌិនបានស្នើឱ្យអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយអ៊ីស្រាអែលប្រយុទ្ធនឹងក្រុមហាម៉ាស៕ 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com