កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ដាក់ទណ្ឌកម្មលើអុីស្រាអែល មិនឱ្យរៀបចំការប្រកួត ដោយគ្មានការកំណត់
20, Oct 2023 , 9:59 pm        
រូបភាព
ប្រទេសអ៊ីស្រាអែលនឹងមិនអាចរៀបចំការប្រកួតបានឡើយ។ នោះក៏ព្រោះតែប្រទេសនេះ បានរងទណ្ឌកម្មពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក UEFA រហូតដល់មានការកំណត់ជូនដំណឹងសារជាថ្មី។



«ការប្រកួតទាំងអស់នឹងមិនត្រូវបានរៀបចំឡើយ ការវាយតម្លៃយ៉ាងហ្មត់ចត់នៃស្ថានភាព សុវត្ថិភាព និងសន្និសុខបច្ចុបន្ននៅក្នុងទឹកដីអ៊ីស្រាអែលទាំងមូល។»។​ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA ទាក់ទងទៅនឹងទណ្ឌកម្ម។
 
សេចក្តីសម្រេចរបស់ UEFA បានជះផលប៉ះពាល់ដល់ក្រុមអ៊ីស្រាអែលក្លិប Maccabi Haifa និងក្លិប Maccabi Tel Aviv ដែលកំពុងប្រកួតប្រជែងនៅក្នុងពានរង្វាន់ ​Europa League និង Europa Conference League ដូចគ្នា។
 
បើតាមការបញ្ជាក់របស់ UEFA ដដែល សមាគមកីឡាបាល់ទាត់អ៊ីស្រាអែល និងក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ដូចជា Maccabi Haifa ​និង Maccabi Tel Aviv មិនអាចរៀបចំការប្រកួតក្នុងទឹកដីអ៊ីស្រាអែលឡើយ ពោលគឺត្រូវស្នើសុំរៀបចំការប្រកួតនៅកីឡដ្ឋានក្រៅទឹកដីអ៊ីស្រាអែល ជំនួសវិញ ដែលស្របតាមបទប្បញ្ញត្តិរបស់ UEFA ។
 
ក្រុម Maccabi Haifa នឹងត្រូវមានការប្រកួតក្នុងពានរង្វាន់ Europa League ដោយត្រូវប៉ះក្រុម Villarreal នៅថ្ងៃទី២៦ ខែតុលា និងថ្ងៃទី៦ ខែធ្នូ។ ចំណែកក្រុម Maccabi Tel Aviv នឹងត្រូវប្រកួតស្វាគមន៍ក្រុម Zorya Luhansk ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា និងថ្ងៃទី២៥ ខែវិច្ឆិកា។
 
កាលពីដើមខែតុលា UEFA បានសម្រេចផ្អាករាល់ការប្រកួត ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ក្រោយពេលមានបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

ការប្រកួតរវាងក្រុមអ៊ីស្រាអែល ទល់នឹងក្រុមស្វ៊ីស សម្រាប់ជំនួបពានរង្វាន់ Euro 2024 ក៏ត្រូវបានផ្អាក ហើយការប្រកួតតដែលអ៊ីស្រាអែល ត្រូវប៉ះជាមួយនឹងក្រុមកូសូវូ ក៏ត្រូវផ្អាកដូចគ្នា ព្រោះតែក្រុមមិនត្រូវបានអនុញ្ញាតឱ្យហោះហើរចេញក្រៅប្រទេស៕
 

Tag:
 UEFA
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com