ជាតិ
កម្ពុជាជាប់ជ័យលាភីចំនួន២ប្រចាំអាស៊ីពី World Travel Awards™ សម្រាប់ឆ្នាំ២០២៣
20, Oct 2023 , 5:44 pm        
រូបភាព
ខ្លោងទ្វារឆ្នាំងដីនៃអតីតរាជធានីអង្គរ។ រូបថត សែម វណ្ណា/ThmeyThmey
ខ្លោងទ្វារឆ្នាំងដីនៃអតីតរាជធានីអង្គរ។ រូបថត សែម វណ្ណា/ThmeyThmey
ដោយ: រួបរួម
កម្ពុជា បានក្លាយជាម្ចាស់ជ័យលាភីពីរឆ្នាំជាប់គ្នាលើពានរង្វាន់ចំនួនរបស់ World Travel Awards ឆ្នាំ២០២៣ ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)។



បង្កើតឡើងនៅឆ្នាំ១៩៩៣ World Travel Awards™ ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្លាយជាស្ថាប័នដែលទទួលស្គាល់ និងផ្តល់ជ័យលាភីសម្រាប់ឧស្សាហកម្មទេសចរណ៍ ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច ទូទាំងពិភពលោក។

ដូចជាកាលពីឆ្នាំ២០១២ ផងដែរ កម្ពុជាបន្តទទួលបានពានរង្វាន់ជាគោលដៅទេសចរវប្បធម៌ឈានមុខគេ និងជាគោលដៅទេសចរណ៍យុវជន ឈានមុខគេប្រចាំតំបន់ តាមរយៈការបោះឆ្នោតតាមប្រព័ន្ធអនឡាញពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

នេះជាការប្រកាសជ័យលាភីលើកទី៣០របស់ World Travel Awards ដោយមានការបែងចែកជ័យលាភីជាច្រើនផ្នែកក្នុងតំបន់នីមួយៗ រួមមានតំបន់អាស៊ី អាហ្វ្រិក ការ៉ាអ៊ីប អាម៉េរិកកណ្តាល អឺរ៉ុប មហាសមុទ្រឥណ្ឌា មជ្ឈឹមបូព៌ា អាម៉េរិកខាងជើង អូសេអានី និងអាមេរិកខាងត្បូង។

កម្ពុជា បានជ័យលាភីជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) ពីរឆ្នាំជាប់គ្នា ដោយទទួលបានសំឡេងគាំទ្រច្រើនជាងឥណ្ឌា ជប៉ុន ណេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ បើគិតពីឆ្នាំ២០១៩មក វៀតណាម ឈ្នះ២លើក ថៃ១លើក និងកម្ពុជា២លើក។

សម្រាប់ជ័យលាភីជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination) កម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងប្រទេសជិតខាងទាំងបី គឺឡាវ ថៃ និងវៀតណាម។ ឡាវធ្លាប់ឈ្នះ២លើក ថៃ១លើក និង២លើកចុងក្រោយ បានមកកម្ពុជា។

ក្នុងក្របខណ្ឌកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៣នេះ Avis ជាជ័យលាភីក្រុមហ៊ុនឈានរថយន្តនាំមុខគេ, ក្រុមហ៊ុន Diethelm ជាក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍នាំមុខគេ, Park Hyatt សៀមរាប ជាសណ្ឋាគារនាំមុខគេ,  Presidential Suite @ Park Hyatt Siem Reap ជា Hotel Suite នាំមុខគេ, សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ជារីសតនាំមុខគេ,  Angkor 7th Travel ជាភ្នាក់ងារទេសចរណ៍នាំមុខគេ និង Six Senses Krabey Island ជាវីឡារីសតឈានមុខគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com