អន្តរជាតិ
រដ្ឋាភិបាល​ថៃ​សន្យា​ចាត់​វិធានការ​ ខណៈ​ការ​បំពុល​នៅទីក្រុង​បាងកក​កើន​ឡើង
21, Oct 2023 , 10:20 am        
រូបភាព
រដ្ឋាភិបាលថៃ នឹងចាត់វិធានការដើម្បីដោះស្រាយការកើនឡើងការបំពុលខ្យល់ដែលកំពុងយាយីប្រទេសនេះរាប់ទាំងរាជធានីបាងកកដែរ។ ប៉ុន្តែសកម្មជនបរិស្ថានបានចោទអាជ្ញាធរពីការចាត់វិធានការយឺតយ៉ាវ និងមិនចំគោលដៅ។

 
បាងកកជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលបំពុលបរិស្ថានបំផុតទី១០ លើពិភពលោកបើគិតនៅ ថ្ងៃទី២០ ខែតុលា ដោយយោងតាមការត្រួតពិនិត្យគុណភាពខ្យល់ IQAir ។ មន្ត្រីរដ្ឋាភិបាល បាននិយាយថា ការកើនឡើងភ្លាមៗនេះភាគច្រើនកើតឡើងដោយសារលក្ខខណ្ឌបរិយាកាស ជាមួយនឹងភាគល្អិតល្អិតកកកុញដោយសារខ្យល់ត្រជាក់ខ្លាំង សម្ពាធខ្យល់ខ្ពស់ និងអាកាស ធាតុស្ងួត។
 
ការកើនឡើងនៃភាគល្អិត PM2.5 ដែលអាចចូលទៅក្នុងចរន្តឈាមបាន ជំរុញឱ្យ រដ្ឋាភិបាលថៃគិតគូរកាន់តែខ្លាំងសម្រាប់ជនដែលងាយរងគ្រោះ។ រដ្ឋាភិបាលថៃបញ្ជាក់ក្នុង​ សេចក្ដីថ្លែងការណ៍មួយថា ការរក្សាឱ្យគុណភាពខ្យល់មានសុវត្ថិភាពគឺជាកាតព្វកិច្ចដ៏សំខាន់ ហើយសន្យានឹងព្យាយាមស្វែងរកមធ្យោបាយដោះស្រាយដូចជាការកំណត់ តំបន់ដែលមនុស្សអាចដុតដើម្បីដំណាំ បង្កើតបទប្បញ្ញត្តិរវាងវិស័យសាធារណៈ និងឯកជន បង្កើនកន្លែងត្រួតពិនិត្យ និងចរចាជាមួយវិស័យពាក់ព័ន្ធអំពីការបំពុលឆ្លងដែន។
 
ទោះ​ជា​យ៉ាង​ណា ក្រុម​បរិស្ថាន​បាន​ចោទ​រដ្ឋាភិបាល​ថា​មិន​អើពើ​ចំពោះ​ផ្នែកឧស្សាហកម្មដែល​រួម​ចំណែក​សំខាន់​ក្នុង​បញ្ហា​នេះ​។
 
«ឯកសារស្រាវជ្រាវជាច្រើនបង្ហាញពីសកម្មភាពឧស្សាហកម្មបណ្តាលឱ្យមានភាគរយដ៏ធំនៃ កម្រិត​ PM2.5 ប៉ុន្តែយើងមានទិន្នន័យតិចតួចអំពីវា»។ អ្នកធ្វើយុទ្ធនាការបំពុលខ្យល់សម្រាប់ Greenpeace Thailand លោកស្រី Alliya Moun-ob ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ​បែបនេះរួបន្តថា រដ្ឋាភិបាល​គួរធ្វើគឺពិនិត្យមើលវិស័យឧស្សាហកម្មឱ្យបានហ្មត់ចត់ព្រោះ កត្តានេះបានរួម ចំណែកជិតមួយភាគបីនៃភាគល្អិតដែលបណ្តាលឱ្យមានអ័ព្ទនៅក្នុងរាជធានីបាងកក។
 
បើតាមរដ្ឋាភិបាលថៃ វិស័យឧស្សាហកម្មមានចំណែកត្រឹមតែ៤ភាគរយនៃអ័ព្ទដែលបង្កឱ្យ មានការថប់ដង្ហើមដែលតែងតែគ្របដណ្តប់ផ្នែកខ្លះនៃប្រទេសក្នុងអំឡុងរដូវរងារ។ ជំនួស ទៅវិញ រដ្ឋាភិបាលបានបន្ទោសកត្តាផ្សេងដូចជាការដុតចម្ការរដូវដោយកសិករ រួមទាំងការបំពុលអាកាសដោយប្រទេសជិតខាងផងដែរ។
 
គួរបញ្ជាក់ថា ទីក្រុងរបស់ប្រទេសថៃ រួមទាំងឈៀងម៉ៃនៅភាគខាងជើង បានជាប់ចំណាត់ ថ្នាក់ជាសកលសម្រាប់គុណភាពខ្យល់មិនល្អនៅឆ្នាំនេះ។ ក្រសួងសុខាភិបាលថៃអះអាងថា មនុស្សជាងពីរលាននាក់បានស្វែងរកការព្យាបាលនៅឆ្នាំនេះសម្រាប់ បញ្ហាដែលទាក់ទងនឹងគុណភាពខ្យល់មិនល្អ៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com