កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវ័យក្រោម ២៣ឆ្នាំ ល្អបំផុតនៅក្របខណ្ឌ ​Premier League នាពេលបច្ចុប្បន្ន
21, Oct 2023 , 3:39 pm        
រូបភាព
ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League គឺជាលីគមួយដែលគេមិនអាចប្រកែកបាន អំពីភាពខ្លាំងនៃការប្រកួតប្រជែងរបស់ពួកគេ ក៏ដូចជាកីឡាករមានសមត្ថភាពខ្លាំងៗជាច្រើន បានប្រកបអាជីពនៅទីនោះ។ Premier League គឺលីគនៃវប្បធម៍បាល់ទាត់ដ៏ទាក់ទាញមួយ ទូទាំងពិភពលោក។



លីគកំពូលអង់គ្លេស មិនត្រឹមតែជាលីគដែលមានការទស្សនាច្រើននោះទេនៅលើពិភពលោក ប៉ុន្តែក៏ជាទីកន្លែងដែលបង្កើតនៅកីឡាករយុវជនដ៏ខ្លាំងពូកែមួយផងដែរ សម្រាប់អនាគតបាល់ទាត់តទៅមុខបន្តទៀត។ Premier League ជាផ្ទះដែលបង្កើតនៅតារាបាល់ទាត់ល្បីៗមកពីជុំវិញពិភពលោក ហើយជំរុញឱ្យកីឡាករបាល់ទាត់ទាំងនោះ មានកេរ្តិ៍ឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើង នៃអាជីពពួកគេ។
 
ភាគច្រើនកីឡាករវ័យក្មេងមានសមត្ថភាពថាមពល ទេពកោលស្យខ្លាំងៗ នៅក្នុងការប្រកួត តែងទទួលបាននៅការគាំទ្រខ្លាំង មិនថាឆាកតំបន់ និងអន្តរជាតិ។
ខាងក្រោមនេះជាកីឡាករអាយុក្រោម ២៣ឆ្នាំ ល្អបំផុតទាំង ៥ នៅក្នុង Premier League ពេលបច្ចុប្បន្ន៖
 
៥ ​Julian Alvarez ក្រុម Manchester City
Julian Alvarez ក្នុងរដូវកាល ២០២៣-២៤ កំពុងតែបង្ហាញនូវក្តីស្រម៉ៃរបស់គេបន្តទៀត បន្ទាប់ពីបានជួយអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 និងបានរង្វាន់ ៣ ជាមួយ Man City កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានដើរតួនាទីយ៉ាងសំខាន់ប្រចាំក្លិប Man City និងក្រុមជម្រើសជាតិក្នុងការពាំនាំជ័យជម្នះដល់ក្រុម ពីទម្រង់លេងដ៏ល្អ ក៏ដូចជាការស៊ុតបាល់បញ្ចូលទីរបស់គេ។ បង្ហាញខ្លួន ៤៩ប្រកួតរដូវកាលមុន គេរកបាន ១៧គ្រាប់ និងបញ្ជូនបាល់ ៥គ្រាប់ សម្រាប់ក្លិប និងស៊ុតចូល ៤គ្រាប់កាលនៅ World Cup។

៤ Enzo Fernandez ក្លិប Chelsea 
Enzo Fernandez គឺជាតារាបាល់ទាត់វ័យក្មេងល្អបំផុតដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំមុខ ក៏ដូចជានៅក្លិប Benfica ផងដែរមុនពេលផ្លាស់មកកាន់ Chelsea។ បើទោះជារូបគេបានផ្លាស់មកក្លិបនៅអង់គ្លេសហើយក្លិបកំពុងតែជួបបញ្ហាទម្រង់លេងយ៉ាងណាក្តី តែខ្សែបម្រើសញ្ជាតិអាហ្សង់ទីន នៅតែបង្ហាញទម្រង់លេងល្អរបស់គេល្អដដែល នៅក្នុងក្រុមនៃលីគកំពូលអង់គ្លេសមួយនេះ។



៣ Dominik Szoboszlai ក្លិប Liverpool
Liverpool កំពុងតែមានទម្រង់លេងដ៏ល្អមួយឡើងវិញនៅក្នុងរដូវកាលថ្មីនេះ ដោយទាំងនៅតំបន់ប្រយុទ្ធ ក៏ដូចជាតំបន់ខ្សែបម្រើកំពុងតែធ្វើព្យុះភ្លៀងឡើងវិញ ក្នុងការស្វែងរកគ្រាប់បាល់ជាបន្តបន្ទាប់។ ទម្រង់លេងល្អនេះ ក៏មានចំណែករបស់កីឡាករ Szoboszlai សញ្ជាតិហុងគ្រី ក្រោយរូបគេបានផ្លាស់មកចូលរួមនៅរដូវកាលថ្មីនេះ។ កីឡាករវ័យ ២២ឆ្នាំ រូបនេះ មានគុណភាពខ្លាំងសម្រាប់ Liverpool ក្រោយក្រុមមួយនេះ មានកីឡាករជើងចាស់បានចាកចេញជាច្រើនរួចមក។



២ Bukayo Saka ក្រុម Arsenal
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងមិនថានៅរដូវកាលមុន និងរដូវកាលនេះនោះទេ ។ ខ្សែប្រយុទ្ធស្លាបពូកែញ៉ាក់មួយនេះ កំពុងតែជំរុញក្រុម Arsenal ក្នុងការប្រជែងពានរង្វាន់ Premier League សារជាថ្មី។ កីឡាករវ័យ ២២ឆ្នាំ ជាកីឡាករដ៏សំខាន់បំផុតមួយរូប សម្រាប់ក្រុមដឹកនាំដោយលោក Mikel Arteta ក្នុងការស្វែងរកគ្រាប់បាល់ជាបន្តបន្ទាប់និងជ័យជម្នះ មិនថានៅក្នុងអង់គ្លេស និងក្របខណ្ឌ Champions League ឡើយ។



១ Erling Haaland ក្រុម Manchester City
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសកំពុងតែត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្នុងការឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំ ២០២៣ ក្រោយពីការបង្ហាញខ្លួនយ៉ាងអស្ចារ្យរបស់គេកាលពីរដូវកាលមុនរួចមក។ រដូវកាលមុនខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ​ បានក្លាយជាកីឡាករឈ្នះស្បែកជើងមាស ដោយរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ទាំងនៅ Premier league និង Champions League ជាមួយ Manchester City។ សម្រាប់រដូវកាលថ្មីនេះ Haaland ក៏នៅតែជាម៉ាស៊ីនក្នុងការរកគ្រាប់បាល់សម្រាប់ក្រុម Man City ដើម្បីបន្តប្រជែងពានរង្វាន់នានាបន្ថែមទៀតផង៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com