កីឡាអន្តរជាតិ
អន្តរជាតិ
Messi បានប្រាក់ឈ្នួលប្រចាំឆ្នាំ ២០,៤លានដុល្លារ ខ្ពស់ជាងគេនៅ MLS តែតិចជាង Roando ១០ដង
21, Oct 2023 , 4:59 pm        
រូបភាព
Lionel Messi, Major League Soccer
Lionel Messi, Major League Soccer
ខ្សែប្រយុទ្ធ Lionel Messi ទទួលបានប្រាក់ឈ្នួលពីក្លិប Inter Miami ២០,៤លានដុល្លារក្នុង១ឆ្នាំ ថ្លៃជាងគេប្រចាំលីគកំពូលអាមេរិក Major League Soccer។ នេះបើតាមការប្រកាសរបស់សមាគមកីឡាកររបស់លីគកំពូលអាមេរិក ប៉ុន្តែថ្លៃនឿយហត់របស់ Messi តិចជាង Cristiano Ronaldo ដល់ទៅ១០ដង។



បើតាមសម្តីរបស់សហម្ចាស់ក្លិប Inter Miami លោក Jorge Mas បានប្រាប់សារព័ត៌មានអេស្ប៉ាញ El Pais ថាប្រាក់ដែលត្រូងបង់ថ្លៃសម្រាប់ថ្លៃពលកម្មរបស់ Messi គឺរាប់បញ្ចូលទាំងប្រាក់ចំណូលដែលបានមកពីកិច្ចព្រមព្រៀង Apple TV របស់លីគដែលមានតម្លៃចន្លោះពី ៥០លានដុល្លារ ទៅ ៦០លានដុល្លារ។ 
 
ការមកដល់នៅពាក់កណ្តាលរដូវកាលរបស់ Messi រួមទាំងមិត្តរួមក្រុមដែលមាន Sergio Busquets និង Jordi Alba បានធ្វើឱ្យក្រុម Inter Miami របស់ពួកគេបានកើនឡើងការចំណាយប្រាក់បៀវត្សរ៍សរុប ៣៩,៤១៩លានដុលារ។ តម្លៃមានការកើនឡើងទ្វេដង ដែលតម្លៃ ១៨,៨៨លានដុល្លារ ជាតម្លៃដែលក្រុម Inter Miami ចំណាយកាលពីឆ្នាំមុន។
 
Messi គឺជាកីឡាករដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្ររបស់ MLS ដោយបាននាំមុខលើកីឡាករ Lorenzo Insigne របស់ក្រុម Toronto FC ដែលស្ថិតនៅលំដាប់ទីពីរក្នុងបញ្ជីដែលបានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែតុលា ដែលមានតម្លៃប្រាក់បៀវត្សរ៍ ១៥,៤លានដុល្លារ។ កីឡាករ Xherdan Shaqiri របស់ក្រុម ​Chicago Fire ស្ថិតនៅលេខ ៣ មានប្រាក់ពលកម្ម ៨,១៥លានដុល្លារ, លេខ៤ បានទៅលើ Chichartio Hernanez របស់ក្រុម LA Galaxy មានថ្លៃពលកម្ម ៧,៤៤លានដុល្លារ និងកីឡាករ Federico Bernardeschi របស់ក្រុម Toronto រកបានប្រាក់ពលកម្ម ៦,៣លានដុល្លារ។ ទិន្នន័យទាំងអស់គឺគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ចំណែកទិន្នន័យប្រាក់បៀវត្សរ៍ត្រូវបានធ្វើឡើងប្រចាំឆ្នាំ សម្រាប់កីឡាករដូចជា Messi ដែលបានចូលរួមក្នុងលីកក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
 
ទោះប្រធានក្រុមអាហ្សង់ទីនរូបនេះ ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅ MLS ក្តី ប៉ុន្តែតម្លៃនេះ តិចជាង Ronaldo ដែលទទួលបានពីក្លិបអារ៉ាប៊ីសាអូឌីត Al Nassr FC ដល់ទៅ១០ដង់។ ប្រធានក្រុមព័រទុយហ្កាល់ វ៧យ៣៨ឆ្នាំរូបនេះ ទទួលបានប្រាក់ឈ្នួលជាង២០០លានដុល្លារឯនោះក្នុងមួយឆ្នាំពី Al Nassr។
 
វត្តមានរបស់ Messi បានជួយរុញច្រានប្រាក់បៀវត្សរ៍ជាមធ្យមរបស់កីឡាករកំពូលៗ ដែលប្រកបអាជីពនៅក្នុង MLS ទាំងមូលដល់ទៅជាង ៥៤៣,២០៧ដុល្លារ ដែលតម្លៃនេះកើនឡើង ៥,៥ភាគរយ បើធៀបទៅនឹងកាលពីខែកញ្ញា ឆ្នាំ ២០២២ តម្លៃប្រាក់ពលកម្មមុនពេលដែល Messi មកដល់គឺ ៥១៤,៧២៩ដុល្លារ។
 
ប្រាក់បៀវត្សរ៍របស់កីឡាករដែលស្ថិតនៅផ្នែកខាងក្រោមកម្រិតធម្យម ក៏មានការកើនឡើងដូចគ្នាផងដែរ ដោយជាមធ្យមកីឡាករទាំងអស់ក្នុងលីគ MLS មានប្រាក់ឈ្នួល ២៨២,១២៥ដុល្លារ ដោយនេះកើនឡើង ១៣,៤ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំ ២០២២ ដែលមានចំនួន ២៤៨,៦៨៨ដុល្លារ។
 
សម្រាប់ក្រុម Inter Miami គឺជាក្លឹមដែលបានចំណាយប្រាក់លើប្រាក់បៀវត្សរ៍កីឡាករច្រើនជាងគេប្រចាំ MLS ៣៩​,៤លានដុល្លារ ចំណែកក្រុម Toronto FC ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលបានចំណាយប្រាក់ឈ្នួល ៣២,៣លានដុល្លារ ខណៈដែលក្រុម LA Galaxy ចាយប្រាក់ ២៥,២លានដុល្លារ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com