អន្តរជាតិ
លោក ទ្រូដូ រិះគន់ឥណ្ឌាដែលរឹតត្បិតអ្នកការទូតកាណាដា
21, Oct 2023 , 6:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ នាថ្ងៃទី២០ ខែតុលា បានរិះគន់ចំណាត់ការរបស់ឥណ្ឌាចំពោះអ្នកការទូតកាណាដានៅឥណ្ឌា។ លោក ទ្រូដូ អះអាងថា អ្វីដែលឥណ្ឌាបានធ្វើឱ្យប៉ះពាល់ជីវិតរស់នៅរបស់ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសទាំងពីរ។

 
ទីក្រុងញូវដែលី នៅតែខឹងសម្បារទីក្រុងអូតាវ៉ាចំពោះការចោទប្រកាន់ថា ខ្លួនពាក់ព័ន្ធករណីស្លាប់របស់មេដឹកនាំផ្តាច់ខ្លួន Sikh នៅកាណាដាកាលពីខែមិថុនា។ ជាការបញ្ចេញកំហឹងរបស់ខ្លួន ឥណ្ឌាគំរាមដកឋានៈការទូតពីមន្រ្តីកាណាដាដែលធ្វើការនៅស្ថានទូតប្រចាំក្រុងញូវដែលីថែម។ ប៉ុន្តែកាណាដាសម្រេចកោះហៅមន្រ្តីខ្លួនមួយចំនួនទៅវិញហើយ។
 
«រដ្ឋាភិបាលឥណ្ឌាកំពុងធ្វើឱ្យមានការលំបាកមិនគួរឱ្យជឿសម្រាប់ជីវិតជាធម្មតាសម្រាប់មនុស្សរាប់លាននាក់នៅឥណ្ឌា និងកាណាដា។ ពួកគេកំពុងធ្វើវាដោយបំពាន គោលការណ៍ជាមូលដ្ឋាននៃការទូត»។ លោក ចាស្ទីន ទ្រូដូ ប្រាប់អ្នកសារព័ត៌ មាននៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុង Brampton ខេត្ត Ontario ។
 
បើតាមលោក ទ្រូដូ វាជាបញ្ហាដែលធ្វើឱ្យលោកបារម្ភដល់សុខុមាលភាព និងសុភមង្គ លរបស់ជនជាតិកាណាដារាប់លាននាក់ដែលមានប្រភពដើមពីឧបទ្វីបឥណ្ឌា។ ទន្ទឹមនេះ ការបណ្តេញអ្នកការទូតមួយចំនួនរបស់កាណាដា នឹងរារាំងការធ្វើដំណើរ ពាណិជ្ជកម្ម និង បង្កការលំបាកដល់ប្រជាជនឥណ្ឌាដែលកំពុងសិក្សានៅកាណាដា។
 
គួរបញ្ជក់ថា ជនជាតិកាណាដាប្រហែល២លាននាក់ ឬ៥ភាគរយនៃចំនួនប្រជាជន សរុបមានដើមកំណើតមកពីឥណ្ឌា។ ឥណ្ឌា ក៏ជាប្រភពនិស្សបរទេសដ៏ ធំបំផុតរបស់កាណាដាដែលរួមចំណែកបានប្រហែល៤០ភាគរយនៃអ្នកមានប័ណ្ណសិក្សាទាំងអស់។
 
ក្នុងភាពតានតឹងទំនាក់ទំនងការនេះផងដែរ អាម៉េរិកបានគាំទ្រកាណាដា។ អ្នកនាំពាក្យ ក្រសួងការបរទេសអាម៉េរិក លោក  Matthew Miller ជំរុញឱ្យរដ្ឋាភិបាលឥណ្ឌាលុបចោលការ កាត់បន្ថយអ្នកការទូតកាណាដា និងបែរទៅសហការជាមួយការស៊ើបអង្កេតរបស់កាណាដា។ មន្ត្រីការទូតកាណាបច្ចុប្បន្នមានវត្តមាននៅទឹកដីឥណ្ឌាត្រឹម២១នាក់ប៉ុណ្ណោះ៕

Tag:
 កាណាដា
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com