ជាតិ
បុណ្យអុំទូក
ស្ថានទូតខ្មែរនៅជប៉ុន នឹងរៀបចំកម្មវិធីច្រូតស្រូវ-ដាល់អំបុក នៅថ្ងៃទី២៩តុលា 
សកម្មភាពពលរដ្ឋខ្មែរក្នុងសហគមន៌នៅប្រទេសជប៉ុន ចូលរួមកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅខេត្តKanagawa កាលឆ្នាំ២០២០។ រូបថត៖ ពីស្ថានទូត
×![]()
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅវាលស្រែក្នុងស្រុកហ្វីជីហ្សាវ៉ា (Fujisawa) ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នាថ្ងៃទី២៩តុលា ឆ្នាំ២០២៣។ កម្មវិធីនេះធ្វើឡើងក្នុងគោលដៅចូលរួម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កម្មវិធីនេះធ្វើឡើង ក្រោមកិច្ចសហការជាមួយក្រុមការងារ ESEA និងបងប្អូនសហគមន៍ខ្មែរក្នុងខេត្តកាណាហ្កាវ៉ាផ្ទាល់ តែម្តង។ « សូមបងប្អូនសហគមន៍ខ្មែរទាំងអស់ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីយើង និងសូមសាគមន៍ចំពោះបងប្អូនដែលមានបំណងយកមកជាមួយនូវអាហារ ភេសជ្ជៈក្នុងការចូលរួមរៀបចំអាហារសាមគ្តីរួមគ្នា ក្នុងនាមមហាគ្រួសារខ្មែរ»។ នេះជាអញ្ជើញរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
បច្ចុប្បន្ន មានពលរដ្ឋខ្មែរប្រមាណ ២០ ០០០នាក់ កំពុងរស់នៅក្នុងប្រទេសជប៉ុន។ ក្នុងនោះមានទាំងពលរដ្ឋក្នុងសហគមន៍ខ្មែរ ទាំងនិស្សិត កម្មសិក្សាការី និងពលករជំនាញ ជាដើម។
សូមជម្រាបថា ព្រះពិធីបុណ្យចូលអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងពីថ្ងៃទី២៦-២៨ វិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com