អន្តរជាតិ
រថយន្តជំនួយ២០គ្រឿង ចូលហ្កាហ្សាតាមច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីប
21, Oct 2023 , 5:48 pm        
រូបភាព
រថយន្តដឹកជំនួយ២០គ្រឿងបានបើកចូលទឹកដីហ្កាស្សាតាមច្រកព្រំដែន Rafah រវាងអេហ្ស៊ីប និងដែនដីមួយនេះ។ ទោះជាចំនួនតិច ជំនួយនេះ​ នឹងផ្ដល់ការគាំទ្រទៅកាន់ប្រជាជនប៉ាឡេស្ទីនដែលកំពុងខ្វះខាត អាហារ ឱសថ និងទឹកនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល។

 
ក្បូនរថយន្តជំនួយចំនួន២០គ្រឿងបានចូលក្នុងតំបន់ជ្រោយហ្កាហ្សានៅថ្ងៃទី២១ ខែតុលាពីអេហ្ស៊ីប ដោយផ្ទុកដោយថ្នាំ និងអាហារ។ ឡានដឹកទំនិញជាង២០០គ្រឿងទៀតដែលផ្ទុក ជំនួយប្រហែល៣ពាន់តោន ត្រូវបានដាក់ត្រៀមនៅជិតផ្លូវឆ្លងកាត់​អស់រយៈពេលជា​យូរដើម្ប​ីរង់ចាំទទួលការអនុញ្ញាតដូចគ្នា។
 
«ក្បួនរថយន្តជំនួយសង្គ្រោះដែលនឹងចូលថ្ងៃនេះ រួមមានរថយន្តចំនួន២០គ្រឿង ដែលដឹកថ្នាំ គ្រឿងបរិក្ខារពេទ្យ និងការផ្គត់ផ្គង់អាហារកំប៉ុង»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាសរាយការណ៍បែបនេះនៅថ្ងៃដដែល។
 
អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (UN) លោក Martin Griffiths បានស្វាគមន៍ការបើកផ្លូវមួយនេះ ដែលសម្រេចបានក្រោយការ ចរចាយ៉ាងស៊ីជម្រៅជាច្រើនថ្ងៃជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
បន្ថែមពីនេះ ប្រមុខជំនួយ UN មានទំនុកចិត្តថា ការដឹកជញ្ជូននេះនឹងក្លាយជាការចាប់ផ្តើមនៃកិច្ចខិតខំ ប្រកបដោយនិរន្តរភាពក្នុងការផ្តល់ ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ដល់ប្រជាជននៅតំបន់ហ្កាស្សាប្រកបដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន គ្មានលក្ខខណ្ឌ និងគ្មានការរារាំង។
 
នាយកប្រតិបត្តិនៃកម្មវិធីអាហារពិភពលោក លោកស្រី Cindy McCain បានប្រាប់ទូរទស្សន៍ Al Jazeera ថា រថយន្តជំនួយចំនួន ២០ គ្រឿងគឺមិនគ្រប់គ្រាន់នោះទេ។ លោកស្រីព្រមាន ថា ស្ថានភាពអាចក្លាយទៅជា កង្វះស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងជំងឺផងដែរ៕
 

Tag:
 អុីស្រាអែល ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com