អន្តរជាតិ
វៀតណាម ចាប់ខ្លួនមន្ត្រី៦នាក់ដែលបំពានច្បាប់ឧស្សាហកម្មរ៉ែ
22, Oct 2023 , 4:39 pm        
រូបភាព
ប៉ូលិសវៀតណាម បានចាប់ខ្លួនមនុស្សចំនួន៦នាក់ដែលមានទាំងប្រធានក្រុមហ៊ុនមួយកំពុងជំរុញដើម្បីបង្កើតឧស្សាហកម្មរ៉ែកម្រផង ដោយត្រូវបានចោទពីបទរំលោភលើបទ ប្បញ្ញត្តិរុករករ៉ែ។



ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅថ្ងៃទី២០ ខែតុលាថា មនុស្ស៦នាក់ ត្រូវបានឃាត់ខ្លួនជុំវិញការបំពានច្បាប់រុករករ៉ែ។ ក្នុងនោះចំណោមអ្នកត្រូវចាប់ខ្លួនក៏ប្រធានក្រុមហ៊ុន Vietnam Rare Earth JSC (VTRE) លោក Luu Anh Tuan ដែលជំរុញឱ្យមានអាជីវកម្មរ៉ែកម្រក្នុងប្រទេស។ លោក Tuan ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំបង្កាន់ដៃពន្ធលើតម្លៃបន្ថែម ក្នុងការជួញដូររ៉ែកម្រជាមួយក្រុមហ៊ុន Thai Duong Group ដែលធ្វើប្រតិបត្តិការអណ្តូងរ៉ែនៅខេត្ត Yen Bai ភាគខាងជើងវៀតណាម។ 
 
ប្រធានក្រុមហ៊ុន Thai Duong Group លោក Doan Van Huan ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយត្រូវចោទប្រកាន់ពីបទរកលុយបាន២៥,៨លានដុល្លារពីការលក់រ៉ែខុសច្បាប់ដែល ស្រង់ចេញពីអណ្តូងរ៉ែរបស់ក្រុមហ៊ុនដែលកំពុងដំណើរការនៅក្នុងខេត្ត Yen Bai ។
 
សេចក្តីថ្លែងការណ៍អាជ្ញាធរមិនបានបញ្ជាក់ពីអ្វីដែលធ្វើឱ្យការលក់រ៉ែទាំងនោះខុសច្បាប់​នោះ​ទេ។ ប៉ុន្តែមន្រ្តីពាក់ព័ន្ធនិយាយថា រ៉ែឆៅរបស់ដែលដឹកចេញពីខេត្ត Yen Bai ត្រូវបាន​នាំ​ចេញ​ទៅ​កាន់ចិនដោយសារការចម្រាញ់ក្នុងស្រុកសម្រាប់រ៉ែទាំងនោះមិនមានផលចំណេញ។ នៅ​ក្រោម​ច្បាប់វៀតណាម ការនាំចេញរ៉ែឆៅត្រូវបានរឹតបន្តឹង ដោយសារប្រទេសនេះចង់​បង្កើន​សមត្ថភាពចម្រាញ់របស់ខ្លួនដែរ។
 
គួរបញ្ជាក់ថា​ វៀតណាមមានការវិនិយោគធំជាងគេទីពីរនៃសារធាតុរ៉ែសំខាន់ៗ ដែលប្រើ ប្រាស់ក្នុងការផលិតរថយន្តអគ្គិសនីនិងទួរប៊ីនខ្យល់បន្ទាប់ពីចិន។ ចិនក៏ទើបដាក់ការរឹតត្បិតការនាំចេញធនធានរ៉ែកម្រនេះដែរ៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com