អន្តរជាតិ
UN រកឃើញព័ស្តុតាងបន្ថែមនៃឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
22, Oct 2023 , 7:49 pm        
រូបភាព
ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនាថ្ងៃទី២១ ខែតុលា បានរកឃើញព័ស្តុតាងបន្ថែម ទៀតថាកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តការវាយប្រហារមិនរើសមុខ និងឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែនរួមទាំងការរំលោភបំពាន និងការជម្លៀសកុមារទៅកាន់រុស្ស៊ី។

 
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) គណៈកម្មការស៊ើបអង្កេត UN ស្តីពីអ៊ុយក្រែន បានបង្ហាញនៅក្នុងរបាយការណ៍មួយថា ព័ស្តុតាងដែលប្រមូលបានបង្ហាញបន្ថែមទៀត បញ្ជាក់ពីអាជ្ញាធររុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៃការសម្លាប់ដោយចេតនា ការធ្វើ ទារុណកម្ម ការរំលោភផ្លូវភេទ និងអំពើហិង្សាផ្លូវភេទផ្សេងទៀត ហើយរួមជាមួយការនិរទេស កុមារទៅរុស្ស៊ីផងដែរ ។
 
«គណៈកម្មការថ្មីៗនេះបានចងក្រងឯកសារនៃការវាយប្រហារដែលប៉ះពាល់ដល់ទ្រព្យស៊ីវិល ដូចជាអគារលំនៅដ្ឋាន ស្ថានីយ៍រថភ្លើង ហាងលក់ទំនិញ និងឃ្លាំងសម្រាប់ប្រើប្រាស់ស៊ីវិល ដែលនាំឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់»។ របាយការណ៍ខាងលើសម្គាល់បែបនេះ។
 
បន្ថែមពីនេះ គណៈកម្មាការខាងលើនិយាយថា ខ្លួនបានផ្តោតលើការស៊ើបអង្កេតនាពេលថ្មីៗនេះលើខេត្ត Kherson និង Zaporizhzhia ហើយបានរកឃើញឯកសារបន្ថែមទាក់ទងការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទនៅក្នុងស្រុកមួយនៃខេត្ត Kherson។
 
គណៈកម្មាការក៏បានស៊ើបអង្កេតរបាយការណ៍បន្ថែមទាក់ទងនឹងការផ្ទេរកុមារដែលមិនមានមាតាបិតារួមដំណើរដោយអាជ្ញាធររុស្ស៊ីទៅកាន់សហព័ន្ធរុស្ស៊ី ឬទៅកាន់តំបន់ដែលពួកគេកាន់កាប់នៅអ៊ុយក្រែន។ ឯកសារបង្ហាញពីការបញ្ជូនកុមារចំនួន៣១នាក់ពីអ៊ុយក្រែនទៅសហព័ន្ធរុស្ស៊ីក្នុងខែឧសភាឆ្នាំ២០២២។ គណៈកម្មការនេះសន្និដ្ឋានថាជាការនិរទេសដោយខុសច្បាប់ និងឧក្រិដ្ឋកម្មសង្គ្រាម។
 
នៅខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ពីបទជំរុញឱ្យមានការចាប់ពង្រត់កុមារអ៊ុយក្រែនដែរ៕
 

Tag:
 UN
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com