អន្តរជាតិ
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ទៅចិនខែក្រោយ ស្របពេល​ឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់ជម្លោះ​ពាណិជ្ជកម្មស្រា
22, Oct 2023 , 6:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានី ប្រកាសនាថ្ងៃទី២២ ខែតុលាថា លោកនឹងធ្វើដំណើរទៅចិនចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧​ ខែវិច្ឆិកា ដើម្បីជួបជាមួយថ្នាក់ដឹកនាំចិន ស្របពេលប្រទេសទាំង២ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្ម។

 
អំឡុងការស្នាក់នៅប៉េកាំង លោក អាន់តូនី អាល់បានីស នឹងជួបប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្ត្រី លី ឈាំង​ ក្នុងគោលបំណងធានាទំនាក់ទំនងដែលមានស្ថិរភាព និងផលិតភាពរវាងប្រទេសទាំង២។
 
លោកអាល់បានីសដែលបានចូលកាន់តំណែងនៅឆ្នាំ២០២២ ជាមួយគោលបំណងពង្រឹង ទំនាក់ទំនងជាមួយចិនដែលដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី ក៏នឹងទៅ ក្រុងសៀងហៃក្នុងដំណើរទស្សនកិច្ចជាលើកដំបូងដោយមេដឹកនាំអូស្ត្រាលីចាប់តាំងពីឆ្នាំ ២០១៦ ។
 
ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក អាល់បានីស បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំង២ប្រទេស នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ទំនាក់ទំនងសេដ្ឋកិច្ច ការប្រែប្រួល អាកាសធាតុ និងទំនាក់ទំនងរវាងប្រជាពលរដ្ឋទាំងសងខាង។
 
«ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅចិនដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានានូវ ទំនាក់ទំនងស្ថិរភាព និងផលិតភាព»។ លោកអាល់បានីសង្កត់ធ្ងន់បែបនេះរួចបន្តថា លោកក៏ ប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនដើម្បីផល ប្រយោជន៍ជាតិរបស់អូស្ត្រាលី។
 
នៅថ្ងៃដដែល លោក អាល់បានីស អះអាងថា អូស្ត្រាលីបានឈានដល់ កិច្ចព្រមព្រៀងជាមួយចិនដើម្បីឆ្ពោះទៅដោះស្រាយវិវាទក្រៅអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) របស់ខ្លួនលើការនាំចេញស្រាទៅចិន។ ជាមួយការដោះស្រាយបញ្ហាញាំញីនេះ អូស្ត្រាលីអាចបន្តនាំចេញស្រាក្រហមទៅចិនឡើងវិញ។ មេដឹកនាំអូស្ត្រាលីរូបនេះបញ្ជាក់ផងដែរថា ដំណើរការដោះស្រាយ រំពឹងនឹងចំណាយពេលប្រាំខែ។
 
មុនពេលចិនដាក់ពន្ធ ស្រាគឺជាទីផ្សារនាំចេញដ៏មានតម្លៃបំផុតសម្រាប់អ្នកផលិតស្រា អូស្ត្រាលី។ ទិន្នន័យពាណិជ្ជកម្មបង្ហាញថា ក្នុងឆ្នាំ២០១៩ អូស្ត្រាលីបានដឹកជញ្ជូនស្រា ដែលមានតម្លៃប្រហែល៨០០លានដុល្លារទៅកាន់ចិន។ កាលពីឆ្នាំ ២០២២ ការនាំចេញមាន តម្លៃត្រឹមតែ១១លានដុល្លារ។
 
លើសពីនេះ ចិនទំនងសម្រេចលុបចោលការរឹតបន្តឹង លើការនាំចូលទំនិញរបស់អូស្ត្រាលីមានធ្យូងថ្ម ឈើ និងស្រូវបាឡេដែលមានតម្លៃរាប់ពាន់លានដុល្លារថែមទៀត៕
 

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com